ព្រះវិហារ ៖ ស្នូរកាំភ្លើងហាក់ស្ងាត់មែនទែន ហើយបន្ទាប់ពីមេទ័ពសៀមប្រចាំខ្សែត្រៀមទល់មុខគ្នានឹងទាហានកម្ពុជាបានសុំចរចាបញ្ឈប់ការផ្ទុះអាវុធដោយសារតែមានការយល់ច្រឡំពីសំឡេងផ្ទុះពីលើយន្តហោះ F-16 របស់សៀម ដែលហោះកាត់តំបន់ភ្នំទ្រព្យឆ្ពោះទៅកាន់ខ្សែបន្ទាត់ព្រំដែនខេត្តឧត្តរមានជ័យ ។ ការហោះហើរកាត់តំបន់ភ្នំទ្រព្យរបស់យន្តហោះសៀម F-16 លើកនេះ មិនខុសពីការហោះហើរកាត់ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ កាលពីម្សិលមិញនោះទេ គឺបង្កសំឡេងផ្ទុះប៊ឹងៗដូចគ្នា...។
មេទ័ពកម្ពុជាមួយរូបប្រចាំខ្សែត្រៀមជួរមុខបាននិយាយថា មូលហេតុនៃការផ្ទុះអាវុធនេះគឺ បណ្តាលមកពីដំបូងឡើយយន្តហោះ F-16 របស់សៀម បានហោះហើរកាត់តំបន់ភ្នំទ្រព្យ ហើយបង្កសំឡេងផ្ទុះប៊ឹងៗ ខ្លាំងៗ ធ្វើឱ្យគេគិតថា ជាការបាញ់ពីលើយន្តហោះ ប៉ុន្តែរឿងនេះសៀមជាអ្នកយល់ច្រឡំគឺគេស្មានថា ទាហានកម្ពុជា បាញ់ទៅរកគេមុន គេ (សៀម) ក៏បាញ់កាំភ្លើងធុនធ្ងន់ផ្លោងចូលដីកម្ពុជា ហើយភ្លាមនោះទាហានកម្ពុជាបានឆ្លើយតបបាញ់កាំភ្លើងស្រោចចូលវិញតែម្តង ។
ពេលកំពុងបាញ់ដាក់គ្នាប្រមាណ១៥នាទីនោះ មេទ័ពសៀមបានទាក់ទងសួរមកមេទ័ពកម្ពុជាថា ហេតុអ្វីក៏បាញ់លើទីតាំងយើង? មេទ័ពកម្ពុជាឆ្លើយថា មកពីអ្នកឯងបាញ់យើងមុន» មេទ័ពសៀមឆ្លើយថាគឺមកពីឮសំឡេងផ្ទុះចេញពីទឹកដីអ្នកឯងមុន! មេទ័ពកម្ពុជាបញ្ជាក់ថា គឺជាសំឡេងផ្ទុះ នៃយន្តហោះ F-16 របស់អ្នកឯង (សៀម) ទេ អ្នកឯងយល់ច្រឡំក៏បាញ់យើងមុន... យើងក៏បាញ់វិញ ។ ពេលនេះមេទ័ពទាំង២ភាគីបានចរចាគ្នាបញ្ឈប់ការផ្ទុះអាវុធហើយ...ប៉ុន្តែទោះជាយ៉ាងណា វាមិនទៀងទេ ពីព្រោះថា ការប្រឈមមុខដាក់គ្នាខ្លាំងក្លាដោយកម្លាំងយោធាបែបនេះវាផុយស្រួយនឹងផ្ទុះអាវុធពេកណាស់ ។
សូមបញ្ជាក់ថា មុននេះបន្តិចស្នូរកាំភ្លើងបានផ្ទុះឡើងលាន់ទ្រហឹងព្រៃរវាងទាហានកម្ពុជា-សៀម ដែលសៀមជាអ្នកបង្កមុនកាលពីវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី២៦ មេសា ២០១១ នៅចុងតំបន់ភ្នំទ្រព្យតាមខ្សែបន្ទាត់ព្រំដែនព្រះវិហារ គឺសៀមបាញ់ផ្លោងកាំភ្លើងធុនធ្ងន់ និងកាំភ្លើងដៃចូលមកក្នុងទឹកដីកម្ពុជា ប៉ុន្តែប្រហែលជាង១៥នាទីប៉ុណ្ណោះក៏ស្ងាត់ទៅវិញ ។
ការស្ងប់ស្ងាត់ផ្ទុះអាវុធបន្តិចនេះ មិនមែនមានន័យថា ឈប់បាញ់នោះទេ គឺពួកទាហានសៀមគ្រាន់តែផ្អាករយៈពេលខ្លីទៅតាមយុទ្ធសាស្ត្រប៉ុណ្ណោះ ដើម្បីរករកយុទ្ធវិធីវាយសង្គ្រប់មកលើទាហានកម្ពុជា ។ ជាមួយការស្ងាត់បន្តិចនេះ ទាហានកម្ពុជាបានដឹងថា ទាហានសៀមកំពុងរំកិលទ័ពថ្មើរជើងមួយចំនួនឆ្ពោះទៅច្រកតាថាវ ដើម្បីឱ្យទាហានកម្ពុជាដកពីនេះ ឬពីនោះ ទៅទប់គេ រួចហើយគេវាយសង្គ្រប់មកលើតំបន់ប្រាសាទព្រះវិហារ ប៉ុន្តែទាហានកម្ពុជាដឹងច្បាស់ណាស់ថា នោះគ្រាន់តែជាការបញ្ឆោតរបស់ទាហានសៀមប៉ុណ្ណោះ...វាជាការឥតប្រយោជន៍ទាហានកម្ពុជាមិនចាញ់ការបោកបញ្ឆោតនោះទេ ។
ការបាញ់គ្នាកាលពីថ្ងៃទី២២ មេសា ២០១១ កន្លងមក ទាហានសៀមបានប្រើស្នៀតស្នែងក្របី គឺជាស្នៀតដែលកម្ពុជាធ្លាប់ប្រើឈ្នះសៀមកន្លងមក នៅវាលឥន្ទ្រី ភ្នំទ្រព្យ ទៅប្រើចូលចាក់ចង្កេះទាហានកម្ពុជានៅប្រាសាទតាក្របី និងប្រាសាទតាមាន់ធំ ប៉ុន្តែគ្មានប្រសិទ្ធភាពត្រូវទាហានកម្ពុជាវាយខ្ចប់បណ្តេញឱ្យត្រឡប់ទៅវិញ ដែលមកដល់ពេលនេះមិនទាន់បញ្ចប់នៅឡើយទេ ។ ឥឡូវនេះទាហានសៀមបានប្រើស្នៀតបញ្ឆោតទាហានកម្ពុជាឱ្យទៅផ្តុំនៅច្រកតាថាវ រួចហើយគេមកវាយសង្គ្រប់នៅតំបន់ប្រាសាទព្រះវិហារ ប៉ុន្តែស្នៀតនេះទៅមិនរួចទេ ៕
No comments:
Post a Comment