ប្រជាជនកម្ពុជាភៀសខ្លួនពីតំបន់ជំលោះមកស្នាក់នៅវត្ត |
ភ្នំពេញ៖ ប្រទេសកម្ពុជា បានចាត់ទុកការវាយប្រហាររបស់ទាហានថៃមកលើទឹកដីរបស់ខ្លួន ជាឧក្រិដ្ឋកម្មសង្រ្គាមប្រឆាំងមនុស្សជាតិ ដែលបានបង្ខំឲ្យមនុស្សជាង ៣ម៉ឺននាក់ ភៀសខ្លួនចេញលំនៅដ្ឋានរបស់ពួកគេ។
រដ្ឋាភិបាលកម្ពុជា តាមរយៈអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បាននិយាយថា៖ «ការបាញ់ផ្លោងរបស់ថៃមកលើកម្ពុជា ដោយអមនុស្សធម៌ និងមិនរើសទិសដៅ គឺគ្មានអ្វីក្រៅតែពីឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងមនុស្សជាតិ»។
សេចក្តីថ្លែងការណ៍មួយរបស់អង្គភាពដដែល នៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រជាពលរដ្ឋកម្ពុជាចំនួន ២៨ ១៨០នាក់ ភាគច្រើនជាកសិករក្រីក្រ កាលពីថ្ងៃម្សិលមិញ បានភៀសខ្លួនចេញពីលំនៅដ្ឋាន ហើយផ្ទះសម្បែង ទ្រព្យសម្បត្តិ និងផលដំណាំរបស់ពួកគេ ត្រូវបានបំផ្លិចបំផ្លាញ ដោយសារការបាញ់ផ្លោងចូលជ្រៅនូវគ្រាប់កាំភ្លើងធំថៃ ចូលមកក្នុងទឹកដីកម្ពុជាចម្ងាយ ២២គីឡូម៉ែត្រពីព្រំដែន។
កុមារភៀសសឹកម្នាក់ក្នុងចំណោមជនភៀសសឹករាប់ពាន់គ្រួសារ |
តួលេខកែប្រែថ្មីរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា បានឲ្យដឹងថា តួលេខជនភៀសសឹកកម្ពុជា បានឡើងដល់ ៣១ ៤២០នាក់ហើយ នៅថ្ងៃពុធនេះ។
ទោះជាយ៉ាងណា តម្លៃនៃការខូចខាតកើតចេញពីការវាយប្រហាររបស់ទាហានថៃមកលើកម្ពុជាអស់រយៈពេលជិត ១សប្តាហ៍មកនេះ នៅមិនទាន់ត្រូវបានគេរាយការណ៍នៅឡើយទេ ខណៈលក្ខណៈត្រៀមប្រយុទ្ធនៃកងទ័ពប្រទេសទាំងពីរ មិនទាន់ត្រូវបានគេដកចេញនៅឡើយនោះ។ការវាយប្រយុទ្ធគ្នារវាងទាហានប្រទេសទាំងពីរលើកចុងក្រោយនេះ មានទ្រង់ទ្រាយធំធេងជាងការប្រយុទ្ធគ្នាកាលពីខែកុម្ភៈទៅទៀត ដោយមានរយៈពេលយូរជាង យោធានៃភាគីទាំងពីរ បានប្រើប្រាស់នូវសព្វាវុធធុនធ្ងន់ ហើយបានប៉ះពាល់ដល់ប្រជាពលរដ្ឋទាំងសងខាងកាន់តែច្រើនជាងមុន។
ថ្វីត្បិតតែតួលេខមនុស្សស្លាប់ និងរបួស និងការខូតខាតទ្រព្យសម្បត្តិ មិនទាន់ត្រូវបានគេវាយតម្លៃ ប៉ុន្តែ ទំហំមហន្តរាយត្រូវបានគេជឿថាមានវិសាលភាពរឹតតែធំ។
មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មថៃ ត្រូវបានដកស្រង់សម្តីដោយកាសែតបាងកក ប៉ុស្តិ៍ ដែលបានឲ្យដឹងថា ប្រាក់ចំណូលបានមកពីពាណិជ្ជកម្មទ្វេភាគីតាមច្រកពំ្រដែនអន្តរជាតិកម្ពុជា-ថៃ ចំនួនប្រហែល ១០លានបាត ត្រូវបានខាតបង់ក្នុងមួយថ្ងៃ ដោយសារការបិទទ្វាច្រកទាំងនោះជាឯកតោភាគី។
យោងតាមសេចក្តីរាយការណ៍ទាំងខាងប្រទេសកម្ពុជា និងថៃ យ៉ាងហោចណាស់មនុស្ស ១៤នាក់ នៃភាគីទាំងសងខាង ត្រូវបានសម្លាប់ រាប់សិបនាក់រងរបួស និងបង្ខំឲ្យពលរដ្ឋសិបពាន់នាក់នៃប្រទេសទាំងពីរ ភៀសខ្លួនចេញពីលំនៅដ្ឋាន នៅក្នុងការវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមបំផុតក្នុងរយៈពេលជិត ១សប្តាហ៍នេះ។
ប្រទេសជិតខាងទាំងពីរនេះ បានឈានទៅដល់មានជម្លោះនឹងគ្នាចាប់តាំងពីខែកក្កដា ឆ្នាំ២០០៨ ក្រោយពីថៃបានបញ្ជូនទាហានចូលទៅកាន់កាប់តំបន់ព្រំដែនជិតប្រាសាទព្រះវិហារ ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
ប្រាសាទព្រះវិហារចំណាស់ ៩០០ឆ្នាំ ដែលស្ថិតនៅលើជួរភ្នំដងរែក ត្រូវបានតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ សម្រេចប្រគល់ឲ្យប្រទេសកម្ពុជា កាលពីឆ្នាំ១៩៦២។ ប៉ុន្តែ ប្រទេសទាំងពីរនៅមិនទាន់មានបង្គោលព្រំដែនច្បាស់លាស់នៅឡើយទេរហូតមកដល់បច្ចុប្បន្ននេះ៕
No comments:
Post a Comment