បាងកក៖ សេចក្តីរាយការណ៍ព័ត៌មានរបស់កាសែតថៃ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីថៃ អាភីស៊ីត វេចាជីវ៉ា នៅថ្ងៃអង្គារនេះ បានណែនាំឲ្យរដ្ឋមន្ត្រីរបស់ខ្លួនទាំងអស់សើរើឡើងវិញនូវទំនាក់ទំនងជាមួយរដ្ឋាភិបាលរាជធានីភ្នំពេញ នៅក្នុងគ្រប់វិស័យ បន្ទាប់ពីកើតមានការវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមបំផុតនៅក្នុងរយៈពេល ៥ថ្ងៃមកនេះ រវាងប្រទេសទាំងពីរនេះ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ ផានីតាន់ វឌ្ឍនាយ៉ាកន ត្រូវបានដកស្រង់សម្តីដោយកាសែតបាងកក ប៉ុស្តិ៍ ដែលបាននិយាយថា រដ្ឋាភិបាលក្រុងបាងកក មានជម្រើស ៣ ក្នុងនោះមាន ការប្រើកម្លាំងទ័ពវាយរុញច្រានប្រទេសកម្ពុជាចេញពីតំបន់ជម្លោះ ការប្រើការទូតដើម្បីនាំកម្ពុជាចូលតុចរចាទ្វេភាគី និងសើរើឡើងវិញលើផែនការ និងយន្តការនានាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។
ផែនការសើរើឡើងវិញលើទំនាក់ទំនងកម្ពុជា-ថៃនេះ បានកើតឡើងបន្ទាប់ទាហាននៃប្រទេសទាំងពីរវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមនៅឯតំបន់ព្រំដែនព្រៃភ្នំ តាមជួរភ្នំដងរែក។
យ៉ាងហោចណាស់មនុស្ស ១៣នាក់ នៃភាគីទាំងសងខាង ត្រូវបានសម្លាប់នៅក្នុងការវាយប្រយុទ្ធគ្នាដ៏បង្ហូរឈាមនេះ ខណៈរាប់សិបនាក់ទៀតរងរបួស និងបង្ខំឲ្យពលរដ្ឋរាប់ពាន់គ្រួសារនៃប្រទេសទាំងពីរ បានជម្លៀសចេញពីបរិវេណមានការប្រយុទ្ធគ្នា ទៅកាន់ជំរំសុវត្ថិភាព៕
No comments:
Post a Comment