Wednesday, April 27, 2011

ស្នូរ​កាំភ្លើង​ធុន​ធំ​គ្រប់​ប្រភេទ​លាន់​រំពង​ស្រុក​បន្ទាយអំបិល


ឧត្តរមានជ័យ៖ ស្នូរ​អាវុធ​ធុន​ចម្រុះ​ កំពុង​តែ​លាន់​ឮ​ពាស​ពេញ​ស្រុក​បន្ទាយ​អំបិល នៃ​ខេត្ត​ឧត្តរមានជ័យ ដោយ​សារ​តែ​​ទាហាន​ថៃ​បាន​បាញ់​កាំភ្លើង​ធំ​ប្រភេទ​ ១៥៥​មីល្លី​ម៉ែត្រ ចូល​មក​ជ្រៅ​ក្នុង​ទឹក​ដី​កម្ពុជា នៅ​ក្នុង​ការ​វាយ​ប្រហារ​​ដ៏​បង្ហូរ​ឈាម​នៅ​​វេលា​ម៉ោង​ជាង ៥​ល្ងាច​នេះ។

សាក្សី​នៅ​កន្លែង​កើត​ហេតុ​ បាន​និយាយ​ថា ស្នូរ​កាំភ្លើង​ធុន​ធំ​គ្រប់​ប្រភេទ​​បាន​ផ្ទុះ​​ឡើង​នៅ​​​ឃុំ​គោកមន ស្រុក​បន្ទាយអំបិល ដែល​ស្ថិត​នៅ​ជិត​បំផុត​នឹង​កន្លែង​មាន​ការ​ប្រយុទ្ធ​គ្នា។
ពុំ​មាន​របាយការណ៍​ស្តី​ពី​គ្រោះ​ថ្នាក់​ត្រូវ​បាន​គេ​បញ្ជាក់​ទេ​រហូត​មក​ដល់​ពេល​នេះ ប៉ុន្តែ ប្រជា​ពលរដ្ឋ​ស៊ីវិល​កម្ពុជា ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ពី​តំបន់​នោះ​អស់​ហើយមក​ទល់​នឹង​ថ្ងៃ​នេះ។
យ៉ាង​ហោច​ណាស់​មនុស្ស ១៣​នាក់ នៃ​ភាគី​ទាំង​សង​ខាង ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​បង្ហូរ​ឈាម​នេះ ខណៈ​រាប់​សិប​នាក់​ទៀត​រង​របួស និង​បង្ខំ​ឲ្យ​ពលរដ្ឋ​​រាប់​ពាន់​គ្រួសារ​នៃ​ប្រទេស​ទាំង​ពីរ បាន​ជម្លៀស​ចេញ​ពី​បរិវេណ​មាន​ការ​ប្រយុទ្ធ​គ្នា ទៅ​កាន់​ជំរំ​សុវត្ថិភាព៕

No comments:

Post a Comment