Friday, April 29, 2011

មេបញ្ជា​ការ​កងទ័ព​ថ្នាក់តំបន់​​​កម្ពុជា-សៀម​ជួបពិភាក្សា​​​ព្រម​ព្រៀង​​​៣​ចំណុច​​ទៀត​


រាជធានីភ្នំពេញ ៖ ​​កង​យោធពលខេមរ​ភូមិន្ទ​​ ​ស្វាគមន៍​ចំពោះ​​​​ជំនួប​ពិភាក្សា​​​​រវាង​​លោក​វរ​សេនីយ៍​​ឯក​នាក់ វង្ស ​​​មេបញ្ជា​ការ​​​រង និង​ជានាយ​សេនាធិ​ការ​​កង​ពល​តូច​​​ថ្មើរជើង​​​លេខ​​៤២ ​កម្ពុជា ជាមួយលោក​ឌុល យ៉ាដេត ​មេ​បញ្ជាការ​​វរសេនា​​​ធំឈុត​ខ្មៅ​ថៃ ​​នៅច្រក​​អូរ​ស្មាច់​ ដែលលទ្ធផលនៃ​​​កិច្ចពិភាក្សា​​​​រវាង​ភាគី​​ទាំង​​​​២​នេះ​​​​បានឯក​ភាព​​លើ​​​​៣ចំណុច ៖ ​ឈប់​​បាញ់​​គ្នា​ (១) មិន​ចល័ត​ទ័ព (២) ​សន្យា​ថា នឹង​ជួប​គ្នា​​​​​២​ថ្ងៃម្តង​​​​តាមទូរស័ព្ទ​​​ ឬ​ដោយ​ផ្ទាល់​​​​ (៣) ។​

គួរ​​កត់សម្គាល់​​ផងដែរ​ថា ​ក្នុងការ​ពង្រឹង​​​ភាព​ស្មោះត្រង់ និង​ភាតរ​ភាព រវាង​កង​ទ័ព​ដែល​​​ឈរ​ជើង​នៅ​​​នឹង​​កន្លែង​​​​ទាំង​ពីរ ​កង​ទ័ពថៃ​​បាន​ប្រាប់​ឱ្យ​​ដឹង​ថា ការបាញ់​​​គ្នា​​នៅ​​ព្រឹកមិញ​​​នេះ (២៩ មេសា ​២០១១) «ដោយកង​ទ័ពថៃ​​​បាន​ឃើញ​​ស្រមោល​​ចេញពីលេណដ្ឋាន​​​​កងទ័ពកម្ពុជា ដើរ​សំដៅ​​ទៅ​រកខ្សែ​ត្រៀម​​​​កងទ័ព​​​ជួរមុខ​​របស់ថៃ» គឺជា​ការ​​សង្ស័យ​​​មួយរបស់​​ថៃ​ខុសពី​ការពិត ​ដែល​ជា​​​​ហេតុ​ផល​​​នៃកា​រ​ចាប់​​ផ្តើម​​វាយប្រហារ​នេះ ​ដែលខុស​​ពីការ​​​និយាយ​​បំផ្លើស​​របស់​អ្នកនាំ​ពាក្យ​​​​​ 2nd Army Spokesman Prawit Hukaew (ប្រភព​បាង​កក​ប៉ុស្តិ៍​ថ្ងៃទី​​​២៩ មេសា ​២០១១ ម៉ោង​​១៥)​។​
យ៉ាងហោចណាស់​​នេះ​ជា​លើកទី​​​​​៨នៃការ​ជួប​​​ពិភាក្សា​​​​ទ្វេ​ភាគី​​​រវាង​កម្ពុជា-​ថៃ​​​ក្នុង​​​កិច្ច​ធានា​​​​ និង​គ្រប់​គ្រង​​​​​បញ្ជៀស​​ពី​ការ​វាយប្រហារ​​គ្នា​ដែល​​​ទទួលបរាជ័យ​។​ កង​យោធពលខេមរ​ភូមិន្ទ​​​នៅតែ​​ទទូច​ដល់​​ភាគីថៃ​ក្នុង​​កិច្ច​ផ្តល់​កិត្តិយស​​​ និងគោរព​​អនុវត្ត​​​លទ្ធ​ផល​​​នៃជំនួប​​​​ពិភាក្សា​​​រវាងភាគី​ទាំង​​​​២​នៅ​ថ្ងៃ​ទី​​​២៨ មេសា ​២០១១ ​នៅអូរស្មាច់ ​​ក្នុងការអនុវ​ត្ត​​​ឱ្យទទួល​បាន​​ប្រសិទ្ធ​ភាព​​នៃការ​​ឈប់បាញ់​​​គ្នា​នេះ​។​
កង​យោធ​ពលខេមរ​ភូមិន្ទ​​​ មិនដែល​​​​គិត​ មិន​មានផែនការ មិ​ន​មាន​​​សព្វាវុធ​​​​យុទ្ធភណ្ឌ​​​ទំនើប​​​វាយលុក ឬ​ប្រើ​យុទ្ធ​​វិធី​​ដណ្តើម​​​ទីតាំង​​​របស់​កង​ទ័ព​​ថៃ​ណាមួយ​ឡើយ ​។ យើ​ងអនុវត្ត​​​​យ៉ាង​ខ្ជាប់ខ្ជួន​​​តាមបទបញ្ជា​​ណែនាំរបស់សម្តេច​​​​អគ្គ​មហា​សេនាបតីតេជោហ៊ុន​ សែន​ និងដោយឡែក​​​ទុកការងារ​ដោះស្រាយ​​ និងពិនិត្យព្រំដែន ​ដែល​ជា​ការ​​​ងារ​​បច្ចេកទេស​​​ជូនដល់​គណៈ​កម្មការ​ចម្រុះ​​ខណ្ឌសីមា​​ព្រំដែន​​គោកកម្ពុជា​-ថៃ៕​

No comments:

Post a Comment