Wednesday, April 27, 2011

ថៃ​ស្នើ​សុំ​ចរចា​ជា​មួយ​កម្ពុជា​ដើម្បី​ទម្លាយ​ភាព​ទាល់​ច្រក​ផ្នែក​យោធា


ភ្នំពេញ៖ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា បាន​និយាយ​ថា រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ថៃ ប្រាវីត វង្សសុវណ្ណ បាន​ស្នើ​សុំ​ជួប​ចរចា​ជា​មួយ​សមភាគី​របស់​លោក គឺ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​បាន​ជាប់​ផុង​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​បង្ហូរ​ឈាម​អស់​រយៈ​ពេល ៥​ថ្ងៃ​មក​នេះ។

តាម​សេចក្តី​ព័ត៌មាន​ដដែល​នេះ ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ បាន​និយាយ​ថា រដ្ឋ​មន្ត្រី​​ការពារ​ជាតិ​ថៃ បាន​ស្នើ​សុំ​ជួប​ជា​មួយ​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ ទៀ បាញ់ នៅ​រាជ​ធានី​ភ្នំពេញ ដើម្បី​ទម្លុះ​ទម្លាយ​ភាព​ទាល់​ច្រក​ខាង​យោធា​​រវាង​ប្រទេស​ទាំង​ពីរ ដែល​ឈាន​ទៅ​ដល់​ការ​ប្រើ​ប្រាស់​កាំភ្លើង​ធុន​ធំ​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក។
យ៉ាង​ហោច​ណាស់​មនុស្ស ១៣​នាក់ នៃ​ភាគី​ទាំង​សង​ខាង ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​បង្ហូរ​ឈាម​នេះ ខណៈ​រាប់​សិប​នាក់​ទៀត​រង​របួស និង​បង្ខំ​ឲ្យ​ពលរដ្ឋ​​រាប់​ពាន់​គ្រួសារ​នៃ​ប្រទេស​ទាំង​ពីរ បាន​ជម្លៀស​ចេញ​ពី​បរិវេណ​មាន​ការ​ប្រយុទ្ធ​គ្នា ទៅ​កាន់​ជំរំ​សុវត្ថិភាព៕

No comments:

Post a Comment