រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សូមបណ្តាបក្សនយោបាយនានា អង្គការក្រៅរដ្ឋាភិបាលនិងមជ្ឈដ្ឋាននានាត្រូវបែងចែកគ្នាឱ្យដាច់ ។ ក្របខណ្ឌតំបន់ប្រាសាទព្រះវិហារ ចូលក្នុងក្របខណ្ឌក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអាស៊ានហើយ ។ ដូច្នេះការចរចាណាមួយទាក់ទងនឹងបញ្ហាជម្លោះនៅតំបន់ប្រាសាទព្រះវិហារ យើងត្រូវតែគោរពតួនាទីប្រធានអាស៊ាន ត្រូវតែមានការសម្របសម្រួលពីប្រធាន អាស៊ាន ។ បើមិនដូច្នេះទេវាមិនខុសពីកម្ពុជានិងថៃរួមគ្នាទះកំផ្លៀងអាស៊ានទេ... ព្រោះរឿងនេះបានចូលទៅក្នុងក្របខណ្ឌអាស៊ានហើយ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះនាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១១ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងមហាសន្និបាតវិសាមញ្ញសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ សកម្មភាពរយៈពេល១២ឆ្នាំ (មេសា ១៩៩៩-មេសា ២០១១) និងទិសដៅឆ្នាំ២០១១-២០១៥ នៅបន្ទប់ប្រជុំនួនស្រីនៃវិមានសន្តិភាពនៃទីស្តីការនាយករដ្ឋមន្ត្រី ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ ថា ប៉ុន្តែនៅតំបន់ដទៃទៀតគឺវាមិនទាក់ទងទៅនឹងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអាស៊ាន ទេ ដូចជានៅតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ឬក៏តំបន់ដទៃទៀត យើងអនុញ្ញាតឱ្យមានការជួបគ្នា ដើម្បីសម្រួលឱ្យមានការឈប់បាញ់ និងបរិយាកាសល្អប្រសើរ ។ ដូច្នេះមតិមជ្ឈដ្ឋានរបស់យើងត្រូវយល់បែងចែកឱ្យច្បាស់អំពីបញ្ហានេះ ។
យើងចរចាដែលមានភាគីទី៣ចូលរួមនៅក្នុងក្របខណ្ឌនៃសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា នៅតំបន់ប្រាសាទព្រះវិហារ ហើយនឹងនាំមកនូវអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី ដែលឥឡូវកំពុងតែដំណើរការ ។ ប៉ុន្តែនៅតំបន់ដទៃទៀត ការចរចាទ្វេភាគីធ្វើទៅរួច ។ សកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រហូតមកដល់ពេលនេះគឺកម្ពុជាធ្វើសកម្មភាពត្រឹមកម្រិតការពារខ្លួន ការពារទឹកដីនៅក្នុងទឹកដីកម្ពុជា យើងពុំបានចេញទៅប្រយុទ្ធលើទឹកដីរបស់ថៃទេ ។
សូមផ្តាំទៅមេដឹកនាំក្រុងបាងកក ទាំងស៊ីវិល ទាំងទាហាន ដែលកន្លងទៅថៃតែងតែចោទមកលើកម្ពុជាម្តងហើយម្តងទៀតថា កម្ពុជាជាអ្នកវាយមុន ។ ពេលណាក៏ដោយក៏នៅតែចោទថាកម្ពុជាជាអ្នកវាយមុនរហូត ។ សម្តេចតេជោហ៊ុន សែន មានប្រសាសន៍ថា សូម្បីតែប្រាយុទ្ធ ចាន់អូចារ មេបញ្ជាការទ័ពថៃ បាននិយាយកាលពីម្សិលម្ង៉ៃថា បើសិនជារដ្ឋាភិបាលថៃប្រកាសសង្គ្រាម គេនឹងវាយយកដីខ្មែរតែម្តង ។ តើខ្មែរ ខ្លាំងប៉ុនណា បានជាហ៊ានឈ្លានពានទឹកដីថៃនោះ ?
តើមេដឹកនាំក្រុងបាងកកមិនខ្មាសពិភពលោកទេឬអ្វី ? វាមិនដែលប្រទេសតូចទៅវាយប្រទេសធំ មានតែប្រទេសធំវាយប្រទេសតូច ទម្លាប់នៅលើពិភពលោកមិនដែលមានប្រទេសតូចណាទៅវាយប្រទេសធំទេ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកយកបទអត្ថាធិប្បាយរបស់កាសែតបរទេសដែលចេញផ្សាយកន្លងមកបញ្ជាក់ថា ជាអត្ថបទដែលបានលើកឡើងថា ថៃមិនដែលបានបំពានលើប្រទេសណាទេ ។ ទាក់ទិនបញ្ហានេះ សម្តេចតេជោហ៊ុន សែន បានសុំឱ្យថៃឆ្លើយឱ្យច្បាស់ ។
១-តើថៃធ្លាប់បានឈ្លានពានប្រទេសឡាវទេ? នៅសាយ៉ាបបូរី នៅមិនទាន់ដោះស្រាយទេ ?
២-តើថៃធ្លាប់បានប៉ះទង្គិចនិងឈ្លានពានទៅលើប្រទេសមីយ៉ាន់ម៉ាទេ ? សូមថៃឆ្លើយឱ្យច្បាស់តើមានដែរឬទេ បញ្ហាឈ្លានពានឡាវ មីយ៉ាន់ម៉ា ? រួចចេះតែស្រែកថាថៃមិនដែលចាប់ផ្តើមមុនទេ ។
-បើថៃមិនចាប់ផ្តើមមុនតើអ្នកណាគេចាប់ផ្តើមមុន ។ ឥឡូវទាំងនាយករដ្ឋមន្ត្រី ទាំងរដ្ឋមន្ត្រីការពារជាតិ ទាំងរដ្ឋមន្ត្រីការបរទេស ទាំងគណៈរដ្ឋមន្ត្រីរបស់ថៃបានប្រកាសថា មកដល់ពេលនេះ ថៃមិនទាន់បាត់បង់ទឹកដីមួយមិល្លីម៉ែត្រណាទេ ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ថៃប្រកាសថាមិនទាន់បាត់បង់ ហេតុអ្វីក៏កងទ័ពថៃមកឈ្លានពានទឹកដីកម្ពុជា វាយកម្ពុជា ផ្លោងកាំភ្លើងគ្រប់ធុនចូលទឹកដីកម្ពុជារាល់តែថ្ងៃនេះ តើវាយ៉ាងម៉េចទៅវិញ រួចចោទថាខាងកម្ពុជាឈ្លានពានកាន់កាប់ដីថៃ ។ កម្ពុជាពុំបានចូលទៅក្នុងដីថៃឡើយ មានតែមួយគត់ គឺថៃមកវាយដណ្តើមទឹកដីកម្ពុជាតែប៉ុណ្ណឹង ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានរិះគន់ថា រដ្ឋាភិបាលអាប់ភីស៊ីត ជារដ្ឋាភិបាលទី១របស់ថៃ ដែលក្នុងប្រវត្តិសាស្ត្រធ្វើសង្គ្រាមឈ្លានពានបង្កើតរឿងនៅក្នុងផ្ទៃក្នុងខ្លួនឯងមិនចប់ ផ្ទេររឿងផ្ទៃក្នុងមកលូកដៃឈ្លានពានកម្ពុជា ។ ជិតដល់ខួបនៃការបង្ក្រាបនៅទីក្រុងបាងកកហើយ បង្ក្រាបប្រជាជនខ្លួនឯងមិនអស់ចិត្ត មកបង្ក្រាបប្រជាជនកម្ពុជាទៀត ។ មេដឹកនាំថៃបច្ចុប្បន្ននេះបង្កសង្គ្រាម ។
សម្តេចបានប្រកាសជាសាធារណៈថា បើថៃបិទព្រំដែន កម្ពុជាឈប់ប្រើប្រាស់សំភារទំនិញរបស់ថៃ ព្រោះយើងមិនខ្វះទេទំនិញពីប្រទេសដទៃទៀត ។
ទាក់ទិននឹងការសុំចរចាជាមួយកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងថា កម្ពុជា ធ្វើនៅក្នុងពេលប្រជុំអាស៊ានទាំង១០ ព្រោះខ្ញុំនឹងលើកបញ្ហានេះ នៅក្នុងជំនួបកំពូលនៃមេដឹកនាំអាស៊ានទាំង១០។ ក្នុងករណីអ្នកសង្កេតការណ៍របស់ឥណ្ឌូណេស៊ីមិនទាន់មកដល់កម្ពុជា ខ្ញុំនឹងលើកបញ្ហាហ្នឹង ទោះបីមិនបានដាក់ក្នុងរបៀបវារៈក៏ដោយ ខ្ញុំត្រូវតែលើក ព្រោះលក្ខខណ្ឌប្រតិបត្តិបានស្រុះស្រួលគ្នាហើយ ។ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីត្រៀមមកកាលពីថ្ងៃទី២៤ មេសា ត្រូវផ្អាកទៅវិញ មកក្នុងគោលបំណងយកមកឱ្យលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង ចុះហត្ថលេខា ។ បន្ទាប់ទៅយកទៅឱ្យរដ្ឋមន្ត្រីការបរទេសថៃ កាស៊ីត ភីរម្យ ចុះហត្ថលេខា ប៉ុន្តែដាក់លក្ខខណ្ឌ យោងតាមប្រភពព័ត៌មានដែលចេញផ្សាយថា អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីមកបាន លុះត្រាតែដកកងទ័ពពីប្រាសាទព្រះវិហារនិងវត្តកែវសិក្ខាគិរីស្វារៈ។
ទាក់ទិននឹងការសុំចរចាជាមួយកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងថា កម្ពុជា ធ្វើនៅក្នុងពេលប្រជុំអាស៊ានទាំង១០ ព្រោះខ្ញុំនឹងលើកបញ្ហានេះ នៅក្នុងជំនួបកំពូលនៃមេដឹកនាំអាស៊ានទាំង១០។ ក្នុងករណីអ្នកសង្កេតការណ៍របស់ឥណ្ឌូណេស៊ីមិនទាន់មកដល់កម្ពុជា ខ្ញុំនឹងលើកបញ្ហាហ្នឹង ទោះបីមិនបានដាក់ក្នុងរបៀបវារៈក៏ដោយ ខ្ញុំត្រូវតែលើក ព្រោះលក្ខខណ្ឌប្រតិបត្តិបានស្រុះស្រួលគ្នាហើយ ។ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីត្រៀមមកកាលពីថ្ងៃទី២៤ មេសា ត្រូវផ្អាកទៅវិញ មកក្នុងគោលបំណងយកមកឱ្យលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង ចុះហត្ថលេខា ។ បន្ទាប់ទៅយកទៅឱ្យរដ្ឋមន្ត្រីការបរទេសថៃ កាស៊ីត ភីរម្យ ចុះហត្ថលេខា ប៉ុន្តែដាក់លក្ខខណ្ឌ យោងតាមប្រភពព័ត៌មានដែលចេញផ្សាយថា អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីមកបាន លុះត្រាតែដកកងទ័ពពីប្រាសាទព្រះវិហារនិងវត្តកែវសិក្ខាគិរីស្វារៈ។
សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បញ្ជាក់អំពីជំហររបស់កម្ពុជាថា កម្ពុជាមិនអាចដកកងទ័ពចេញពីទឹកដីរបស់ខ្លួនបានទេ ព្រោះនេះជាទឹកដីរបស់កម្ពុជា ។ ប៉ុន្មានចំណុចក៏បានដែរ សំខាន់ឱ្យតែអ្នកសង្កេតការណ៍មកដល់ ព្រោះគេចោទថាកម្ពុជាវាយគេមុន ។ កាលពីម្សិលមិញសឹងតែផ្ទុះនៅតំបន់ប្រាសាទព្រះវិហារ ព្រោះយន្តហោះរបស់ថៃគេហោះចូលមកបង្អួតតាមទល់ដែន ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានអំពាវនាវដល់ប្រទេសមហាអំណាច សូមដាក់ផ្កាយរណប ចាប់មើលតាមទល់ដែនកម្ពុជា-ថៃ ដើម្បីឱ្យដឹងថា អ្នកណាបាញ់មុន អ្នកណាបាញ់ក្រោយ ដូចជាប្រទេសចិន រុស្ស៊ី អាមេរិក ឥណ្ឌា ប្រទេសដទៃទៀត សុទ្ធតែមាន សូមលោកសាកល្បង មើល ។
សម្តេចបានអំពាវនាវទៀតថា បើថៃនៅមានការលំបាក ទាក់ទងនឹងរដ្ឋធម្មនុញ្ញ សូមបញ្ជូនអ្នកសង្កេតការណ៍មកកម្ពុជាមុន ព្រោះថៃក៏ធ្លាប់អំពាវនាវឱ្យឥណ្ឌូណេស៊ីទៅកាន់ថៃផងដែរ ។ សូមថៃកុំខ្លាចបើខ្លួនមិនមែនចោរទេ កុំខ្លាចប៉ូលិស ។ ហេតុអ្វីបានជាថៃខ្លាចអ្នកទី៣ ព្រោះមនុស្សពីរនាក់ទាស់គ្នា គឺត្រូវមានអាជ្ញាកណ្តាលកាត់សេចក្តី សូម្បីតែនៅប្រទេសដែលមានជម្លោះជាមួយគ្នាក៏មានតុលាការជាអ្នកកាត់ក្តីដែរ ។ ហេតុអ្វីខ្លួនត្រូវខ្លាច មកពីខ្លួនជាចោរ អ្នកឯងនិយាយច្រើនពេកហើយ ច្រើនរហូតដល់ចាប់បង្ខំខ្ញុំនិយាយនៅថ្ងៃនេះ ដោយសម្តីធ្ងន់ៗទៀតផង ។
សម្តេចមានប្រសាសន៍បញ្ជាក់ថា សូមឱ្យអាស៊ានដែលអនុវត្តនូវតួនាទីទទួលពីក្រុមប្រឹក្សាសន្តិសុខជំរុញនូវសកម្មភាពអាស៊ាននេះឱ្យបានលឿន ។ ទោះបីប្រធានអាស៊ានបានផ្ញើលិខិតទៅក្រុមប្រឹក្សាសន្តិសុខផុតក៏ដោយ កម្ពុជាក៏បានទទួល ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងបញ្ជូនអ្នកសង្កេតការណ៍មកកម្ពុជា គឺថៃនៅមិនទាន់សម្រេច ។ ដូច្នេះខ្ញុំនឹងលើកបញ្ហានេះនៅពេលប្រជុំអាស៊ានទាំង១០ នៅហ្សាការតា ដែលផ្តើមពីការឈ្លានពានរបស់ថៃមកលើកម្ពុជា ៕
No comments:
Post a Comment