Friday, April 29, 2011

កម្ពុជា​ ​នឹងមិន​​ជ្រោម​ជ្រែងរាល់​​​ការ​ចរចា​ ដែល​គ្មាន​ភាព​​ស្មោះ​ត្រង់​​របស់​​ថៃ​ទៀត​ឡើយ

រថយន្តរបស់មេទ័ពសៀម

ភ្នំពេញយោង​តាម​អក្ន​ពាក្យ​អង្គភាព​ ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ របស់​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​បាន​ផ្សាយ​ឲ្យ​ដឹង​ថា ​កិច្ច​ចរចា​ទ្វេភាគី​ដែល ​គ្មាន​ខ្លឹម​សារ​ ត្រូវ​បាន​ប​ង្ហាញ​ជា​ថ្មីទៀត​នៅ​យប់​ថ្ងៃ​ទី ​២៨ ​ខែ​មេសា  ក្រោយ​ពី​១២​ម៉ោង​នៃ​កិច្ចព្រម​ព្រៀងឈប់​បាញ់​ដែល​ធ្វើ​ឡើង​រវាង​មេទ័ព ​នៃ​ប្រទេស​ទាំង​ពីរ ។
«មិន​ដល់​ ១២ ម៉ោង​ក្រោយ​មក​ផង ​នៅ​ពាក់​កណ្តាល​យប់ ​យោធាថៃ​បាន​ធ្វើ​ការ​វាយ​ប្រហា​សារ​ជា​ថ្មី​ម្តង​ទៀត​ ហើយ ​ការ​វាយ​ប្រយុទ្ធ​គ្នាបាន​បន្ត​រហូត​ដល់​ព្រឹក​ថ្ងៃ​បន្ទាប់»។

នៅថ្ងៃទី២៨ មេសា​នោះ​ មេ​បញ្ជាការ​យោធា​កម្ពុជា​ និង​មេ​បញ្ជា​ការ​យោធា​ថៃ​ នៅ​ព្រំដែន​បាន​ជួបគ្នា​រយៈ​ពេល​ជិត​ពីរ​ម៉ោង ​ដោយ​បាន​ឯកភាព​ឈប់​បាញ់ ​និង​រក្សាស្ថាន ​ទីតាំង​ឈរ​ជើង​របស់​យោធា​ឲ្យ​ដដែល​ ដោយ​បញ្ឈប់រាល់​ការដាក់​ពង្រាយ​កងទ័ព​ឡើង​វិញ​ទាំង​អស់ ​។
កិច្ចចរចា​ទ្វេភាគី​ដោយ​ដែល​គ្មាន​​ភាព​ស្មោះ​ត្រង់​ នឹង​គ្នា​មិន​អាច​នាំ​ឲ្យ​មាន​ប្រយោជន៍ ក្នុង​ការដោះ​ស្រាយ​ភាព​​ខ្វែង​យោបល់​គ្នា​រវាង​ប្រទេស​ជិត​ខាង​ ដែល​ចង់​បាន​សន្តិភាព​នោះទេ​។
សេចក្តី​ប្រកាស​ព័ត៌មាន​បាន​លើក​ឡើង​ថា ​រដ្ឋា​ភិបាល​ថៃ ​មិន​មាន​ភាព​ស្មោះ​ត្រង់​ទេ ផ្ទុយ​ទៅ​វិញ​បាន​ព្យាយាម​ដណ្តើម​យក​ទឹក​ដី​កម្ពុជា ​ដោយ​កម្លាំង​យោធា។ ការ​អំពាវ​នាវ​របស់​ខ្លួន ​ដើម្បី​ឲ្យ​មាន​ការ​ចរចា​ទ្វេភាគី ​ក្នុង​គោល​បំណង ​ដើម្បី​បិទ​ទ្វារ​មិន​ឲ្យ​មាន​សាក្សីពី​ខាង​ក្រៅ​​ ហើយ​ពន្យារ​ពេល​វេលា ដើម្បី​បន្ត​ឧក្រិដ្ឋកម្ម និង​ការ​ឈ្លាន​ពាន​របស់​ខ្លូន​។
អ្នក​នាំ​ពាក្យ​របស់ទីស្តីការ​គណៈរដ្ឋ​មន្ត្រី បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​​ថា យោធា​​កម្ពុជា និង​ថៃ បាន​​ឯកភាព​​ចំពោះ​បទ​ឈប់​បាញ់​គ្នា​មួយ ដើម្បី​បញ្ចប់​​ការ​វាយ​ប្រយុទ្ធ​គ្នា​​ដ៏​បង្ហូរ​ឈាម​រយៈ​ពេល ៧​ថ្ងៃ​មក​នេះ នៅ​តាម​ព្រំ​ដែន​មាន​ជម្លោះ​របស់​ពួកគេ​ បន្ទាប់​ពី​មាន​ជំនួប​មួយ​របស់​មេ​បញ្ជាការ​សមរភូមិ។
យ៉ាង​ហោច​ណាស់​មនុស្ស ១៧​នាក់ នៃ​ភាគី​ទាំង​សង​ខាង ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​បង្ហូរ​ឈាម​នេះ ខណៈ​រាប់​សិប​នាក់​ទៀត​រង​របួស និង​បង្ខំ​ឲ្យ​ពលរដ្ឋ​​រាប់​សិប​ពាន់​នាក់​​នៃ​ប្រទេស​ទាំង​ពីរ បាន​ជម្លៀស​ចេញ​ពី​បរិវេណ​មាន​ការ​ប្រយុទ្ធ​គ្នា ទៅ​កាន់​ជំរំ​សុវត្ថិភាព។
ទន្ទឹម ​នឹង​ការ​ប្រយុទ្ធ​គ្នា​ដោយ​អាវុធ​ធន់ធ្ងន់​នេះ ​នៅ​ព្រឹក​ថ្ងៃទី​២៩ មេសា មាន​កូន​ចៅ​ជនភៀស​សឹក​​ប្រមាណ ​៣០​នាក់ ​មក​ពីភូមិ​ពង្រ ​ឃុំពង្រ ​ស្រុក​ចុង​កាល់ ​ខេត្ត​ឧត្តរមានជ័យ ​បាន​ដួល​សន្លប់​បាត់​ស្មារតី​ដោយ​សារ​ចំហួល​​ពី​អាកាស​ធាតុ​ក្តៅ ​និង​មេឃ​ភ្លៀង​ខ្លាំង។
យោង​តាម ​ឪពុក​ម្តាយ​កុមារ​រង​គ្រោះបាន​ឲ្យ​ភ្នំពេញ​ ប៉ុស្តិ៍​ដឹង​ថា​ អាកាស​ធាតុប្រែប្រួល​ ការ​ខ្វះ​ចំណី​អាហារ​​ដែល​​មាន​​អាណា​ម័យ​ និង​ទឹក​ស្អាត។ នាំ​ឲ្យ​«ពួក​គេ [ ក្មេងៗ​ ] បាន​សន្លប់​ភ្លាមៗ​ ក្រោយពី​​ពួក​គេ​ងូត​​ទឹក​ភ្លៀង​»។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក្រុម​គ្រូសារ​បាន​បញ្ជូន​កុមារ​ទាំង​ ៣០​ នាក់​ទៅ​ព្យាបាល​នៅ​ មន្ទីរ​ពេទ្យ​បង្អែក ​ខេត្ត​ឧត្តរ​មានជ័យ​រួច​រាល់​ហើយ​ ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ពី​ស្ថានភាព​កុមារ​ទាំង​នោះ​យ៉ាង​ណា​ទេ។ 

No comments:

Post a Comment