Thursday, April 28, 2011

អាមេរិក​ថា​នឹង​​មិនលូកដៃ​​ក្នុង​ជម្លោះ​ព្រំដែនកម្ពុជា​​​-ថៃ​​


​សហរដ្ឋអាមេរិកកាលពីថ្ងៃទី​​២៨ មេសា ​បានទទូច​ដល់​ប្រទេសថៃ និងប្រទេស​កម្ពុជា ​ឱ្យអត់​​ធ្មត់​ចំពោះ​​​គ្នាទៅវិញទៅមក ​​ក្រោយពី​​ការប៉ះ​ទង្គិចគ្នា​​​ដោយ​អាវុធជាថ្មី​​រវាង​កងទ័ព​​​ប្រទេសទាំង​​២​​នៅ​តំបន់​ព្រំដែន​​​រយៈ​ពេល​​៧​ថ្ងៃ​ជាប់​ៗ​​គ្នា បណ្តាល​ឱ្យស្លាប់​​​ទាហានទាំង​សង​ខាង​ជា​ច្រើន​​នាក់ ហើយ​បាន​ទទូចដល់​ប្រទេសទាំង​​២​​ឱ្យ​​​ដោះស្រាយ​ជម្លោះ​​ព្រំដែន​តាមរយៈ​ការ​ចរចា​ដោយ​សន្តិវិធី ។​
ការទទូច​​នេះ​របស់​សហរដ្ឋអាមេរិក​​ត្រូវ​បានលើកឡើង​​ដោយ​ឯកអគ្គ​រដ្ឋ​ទូតអាមេរិក​ប្រចាំ​​ប្រទេសថៃ ​លោកស្រី​ Kristie Anne Kenney នៅពេលលោកជំទាវ​​ជួបសម្តែង​ការ​​គួរសម​​ជាមួយ​​នាយករដ្ឋមន្ត្រី​​​ថៃ លោកអាប់ភី​ស៊ីត វ៉េចាជីវ៉ា ​នៅវិមាន​រដ្ឋាភិបាល​ក្នុងទីក្រុង​បាង​កក ។​

ទាក់ទិន​ទៅនឹង​​បញ្ហានេះ ​​គេហទំព័រ MCOT របស់ថៃ​​​ជាភាសាអង់គ្លេស​​​បានដក​ស្រង់​សម្តី​​​​លោកស្រី​​ Kristie ថ្លែង​ក្រោយ​​ពីជួបពិភាក្សា​​ជាមួយលោកអាប់ភីស៊ីត ថា ​​សហ​រ​ដ្ឋអាមេរិក​​​​នឹង​មិន​​លូកដៃ​​ក្នុង​បញ្ហាជម្លោះព្រំ​ដែន​​រវាងប្រទេស​ថៃ និងប្រទេស​កម្ពុជាឡើយ ព្រោះ​ប្រទេស​ទាំង​​២​​មានកាតព្វកិច្ច​​ត្រូវដោះ​ស្រាយ​​​​ជម្លោះនេះ​​​​ដោយខ្លួន​ឯងគឺ​តាម​រយៈ​ការ​ចរចា​ទ្វេភាគី ។ ​លោកជំទាវ​​​​បានថ្លែងទៀត​ថា ​​ជម្លោះ​​នេះ​អាច​ដោះស្រាយ​​​ដោយ​យន្តការ​​​ដែល​មានស្រាប់​​សម្របសម្រួល​បានដោយអាស៊ាន​។​
​ជាមួយគ្នានេះ លោកស្រី​​ឯកអគ្គ​រដ្ឋ​ទូត​អាមេរិក ក៏បានអំពាវនាវ​​ដល់ប្រទេស​ទាំង​​២​​​ឱ្យ​ត្រឡប់​ទៅរក​តុចរចា​ ដើម្បី​រិះរក​មធ្យោបាយ​​ដោះ​ស្រាយជម្លោះ​​​ព្រំដែន​​ដែលអូសបន្លាយ​​ពេល​ជា​យូរ​មកហើយ ។​ នេះជា​​លើកទី​​២ហើយ ដែលសហរដ្ឋអាមេ​រិក​ជាប្រទេស​មហាអំណាច​​​​ពិភពលោក​មួយ​ទទូច​​​សុំ​​ឱ្យប្រទេស​កម្ពុជា​​ និងប្រទេសថៃ​​អត់ធ្មត់​​ចំពោះគ្នា​ទៅវិញទៅមក ៕​

No comments:

Post a Comment