Wednesday, April 27, 2011

អគ្គិសនី​ក្រុង​សំរោង​ត្រូវ​បាន​កាត់​ផ្តាច់ ខណៈ​ថៃ​បន្ត​ផ្លោង​កាំភ្លើង​ធំ​ដាក់​កម្ពុជា


ឧត្តរមានជ័យ៖ពលរដ្ឋ​កម្ពុជា​នៅ​ក្រុង​សំរោង​ ខេត្ត​ឧត្តរមានជ័យ បាន​និយាយ​ថា បណ្តាញ​អគ្គិសនី​នៅ​ក្នុង​ក្រុង​មួយ​នេះ ត្រូវ​បាន​កាត់​ផ្តាច់​ទាំង​ស្រុង​នៅ​ល្ងាច​ម៉ោង​​ប្រហែល ៦:៣០​នាទី​ថ្ងៃ​អង្គារ​នេះខណៈ​ទាហាន​ថៃ​នៅ​បន្ត​ផ្លោង​គ្រាប់​កាំភ្លើង​ធំ​យ៉ាង​ខ្លាំង​ក្លា​​ចូល​ជ្រៅ​មក​ក្នុង​ទឹក​ដី​កម្ពុជា។
គេ​នៅ​មិន​ទាន់​បាន​ដឹង​ពី​មូល​ហេតុ​នៃ​ការ​ដាច់​ចរន្ត​អគ្គិសនី​នៅ​ក្នុង​ខេត្ត​ភាគ​ពាយព្យ​​នៃ​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ ខណៈ​ខេត្ត​នេះ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​កម្ពុជា និង​ថៃ​ អស់​រយៈ​ពេល ៥​ថ្ងៃ​មក​ហើយ។

ចរន្ត​​អគ្គិសនី​​នៅ​ក្រុង​សំរោង​នេះ ត្រូវ​បាន​ត​ភ្ជាប់​មក​ពី​ប្រទេស​ថៃ ហើយ​ការ​កាត់​ផ្តាច់​ចរន្ត​ថាមពល​នេះ ត្រូវ​បាន​គេ​ជឿ​ថា​ធ្វើ​ឡើង​ដោយ​ភាគី​ថៃ ដែល​កំពុង​តែ​មាន​ជម្លោះ​ព្រំ​ដែន​យ៉ាង​ក្រពុល​មុខ​ជាមួយ​ប្រទេស​កម្ពុជា។
សាក្សី​នៅ​ជិត​កន្លែង​មាន​ការ​ប្រយុទ្ធ​គ្នា បាន​ឲ្យ​ដឹង​ថា ស្នូរ​កាំភ្លើង​ធំ​បាន​ផ្ទុះ​លាន់​កក្រើក​ដល់​ក្រុង​សំរោង ដែល​នោះ​គឺ​ជា​សញ្ញា​នៃ​ការ​ផ្លោង​យ៉ាង​ជញ្ច្រាំ​នូវ​​គ្រាប់​កាំភ្លើង​ធំ​ធុន ១៥៥​មីល្លី​ម៉ែត្រ​របស់​ថៃ មក​លើ​ទឹក​ដី​កម្ពុជា។
ទាហាន​កម្ពុជា និង​ថៃ បាន​វាយ​ប្រយុទ្ធ​គ្នា​អស់​រយៈ​ពេល ៥​ថ្ងៃ​មក​ហើយ ចាប់​តាំង​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន នៅ​តំបន់​ព្រំ​ដែន​ព្រៃ​ភ្នំ ភាគ​ពាយព្យ​ប្រទេស​កម្ពុជា ហើយ​ការ​វាយ​ប្រយុទ្ធ​គ្នា​ក៏​បាន​រាល​ដាល​ដល់​តំបន់​ព្រំ​ដែន​ជិត​ប្រាសាទ​ព្រះវិហារ​ផង​ដែរ ជា​ទី​ដែល​ធ្លាប់​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​បង្ហូរ​ឈាម​កាល​ពី​ខែ​កុម្ភៈ​កន្លង​មក។
យ៉ាង​ហោច​ណាស់​មនុស្ស ១៣​នាក់ នៃ​ភាគី​ទាំង​សង​ខាង ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​បង្ហូរ​ឈាម​នេះ ខណៈ​រាប់​សិប​នាក់​ទៀត​រង​របួស និង​បង្ខំ​ឲ្យ​ពលរដ្ឋ​​រាប់​ពាន់​គ្រួសារ​នៃ​ប្រទេស​ទាំង​ពីរ បាន​ជម្លៀស​ចេញ​ពី​បរិវេណ​មាន​ការ​ប្រយុទ្ធ​គ្នា ទៅ​កាន់​ជំរំ​សុវត្ថិភាព៕

No comments:

Post a Comment