Wednesday, April 27, 2011

រដ្ឋ​មន្ត្រី​​ការពារប្រទេស​សៀម លុបចោល​ជំនួប​ចរចា​នៅ​ភ្នំពេញ​​ជាមួយ​ឧបនាយករដ្ឋ​​​​មន្រ្តី ទៀ បាញ់​

តាមប្រភពព័ត៌​មាន​​ពី​បណ្តាញ​ផ្សព្វ​ផ្សាយ​​ផ្សេងៗ​របស់ថៃ​​បាន​ឱ្យ​ដឹង​ថា ​​​រដ្ឋមន្ត្រី​​ការពារ​ជាតិថៃ លោកប្រាវីត ​វង្សសូវ៉ាន់ ​​​បាន​លុប​ចោល​​ដំណើរ​មក​​​​ចរចា​​​​លើ​​​​បទ​ឈប់បាញ់​​ជាមួយ​​​លោក​​​ឧបនាយករដ្ឋ​មន្ត្រី​​​​ទៀ បាញ់ ​​នៅ​រាជ​ធានី​ភ្នំពេញ​​វិញហើយ ​​ដែល​តាម​​គម្រោង​​​នឹង​ត្រូវ​​ធ្វើ​នៅ​​ថ្ងៃ​ពុធ​នេះ ។
​ពុំ​ទាន់​​​មាន​​សេចក្តី​​​រាយការណ៍​​​ព័ត៌​មាន​​​​ពីមូលហេតុ​​​​ច្បាស់​លាស់​​នៃការលុប​ចោល​​​ដំណើរ​មក​​​កាន់​រាជធានីភ្នំពេញ ​​របស់​លោក​រដ្ឋ​​មន្ត្រី​​​​​ការពារ​ជាតិ​​ថៃ​នេះ​នៅឡើយទេ ។ ​លោកឈុំ សុជាតិ ​អ្នកនាំពាក្យ​​​ក្រសួងការពារ​ជាតិកម្ពុជា​ ​មិនអាច​​ទាក់ទង​តាម​ទូរស័ព្ទ​ ដើ​ម្បី​​​សុំ​សេចក្តី​អត្ថា​ធិប្បាយ​​បាននៅឡើយទេ នៅព្រឹក​ថ្ងៃទី​​​​២៧ មេសា ​​២០១១ នេះ ។ 
ចំណែក​​​លោក​​​កុយ គួង ​អ្នកនាំពាក្យ​​​ក្រសួង​ការ​បរទេស​កម្ពុជា ​​បាន​មាន​ប្រសាសន៍​​​ប្រាប់​​កោះ​សន្តិភាព​​​​តាម​ទូរស័ព្ទ​​នៅ​ព្រឹក​​ថ្ងៃ​​ពុធ​នេះ​ថា លោកពុំ​ទាន់​បាន​​ដឹង​ច្បាស់​​​ពី​ព័ត៌​មាន​នេះ​នៅ​ឡើយទេ ។ ​គួរ​​បញ្ជាក់​​ថា កាលពីរសៀលថ្ងៃ​​អង្គារ​​ម្សិលមិញ​​ ទាហាន​កម្ពុជា​​​​បានចាប់ផ្តើម​​​ប្រើ​អាវុធ​​​​ធុន​ធ្ងន់​​​​​​ បន្ទាប់​ពី​អត់​ធ្មត់​​​យូរ​ថ្ងៃ​​​ ក្នុងនោះ​ក៏​មានប្រភេទ BM-21 ដើម្បី​ឆ្លើយ​តប​​នឹង​ការ​ដែលទាហានសៀម​ឈ្លាន​ពាន​​​បានប្រើ​​អាវុធ​គីមី​​ ​គឺ​បាញ់​​​គ្រាប់បែក​ផ្សែង​ពុល​មក​លើ​កង​កម្លាំង​​កម្ពុជា ។ សេចក្តីរាយការណ៍​​​បាន​ឱ្យ​​ដឹង​ថា នៅគ្រា​ដែល​​​​ទាហាន​កម្ពុជា​​​បាន​​បាញ់អាវុធ​​ប្រភេទ BM-21 (កាំជ្រួច​ប្រតិ​កម្ម ឬ​កាំ​ជ្រួច​ហ្វូង) ហើយ​បាន​​បាញ់​ចំ​គោលដៅ​​​ប្រមាណ​​៣០​ទីតាំង​ទៅលើ​​​ទាហាន​សៀម​​​នោះ ភ្លាម​ៗ​​រដ្ឋ​មន្ត្រី​​​ការពារជាតិ​​​ថៃ លោកប្រា​វី​ត ​វង្ស​សូវ៉ាន់ ​​បាន​ទូរស័ព្ទ​​​​ដោយផ្ទាល់​មក​​កាន់​លោក​ឧបនាយក​​រដ្ឋ​មន្ត្រី​​​ទៀ បាញ់ ​​ដើម្បី​សុំ​ជួប​ចរចា​នៅ​រាជ​ធានី​ភ្នំពេញ​​​ ក្នុង​បំណង​បញ្ចប់​ការ​​ឈប់​បាញ់៕

No comments:

Post a Comment