Thursday, April 28, 2011

ឆាក​​ប្រយុទ្ធ​គ្នា​​​បាន​​ចាប់ផ្តើម​​​មុន​ពេល​អរុណ​រះ​សៀម​​បាញ់ធ្លាយ​​ដល់ក្រុង​សំរោង និង​ចូលដីកម្ពុជា​​​​៣០គីឡូម៉ែត្រ​


ឧត្តរ​មានជ័យ​ ៖ ការ​វាយប្រយុទ្ធ​គ្នា​​​បាន​ចាប់​​ផ្តើម​យ៉ាង​គំហុក​ជា​បន្តទៀត មុនពេល​​​អរុណរះ​រវាង​​កង​ទាហា​ន​កម្ពុជា និង​​​កង​ទាហាន​សៀម​​កាលពីវេលាម៉ោង​​​​៣​និង​​៣០នាទី​​​រំលង​អធ្រាត្រ​​ចេញពី​តំបន់ប្រាសាទ​​តាក្របី ឆ្ពោះទៅ​​តំបន់​ប្រាសាទ​​​តាមាន់ធំ នៅវេលា​ម៉ោង​​៥​និង​​​២០​​នាទី​ភ្លឺ​​ថ្ងៃទី​​២៨ មេសា ២០១១ ដែលមក​ដល់​ពេលនេះគឺជា​​​​ថ្ងៃទី​៧​ហើយ​នៃការ​ប្រយុទ្ធ​​គ្នា​ដ៏ស្វិត​ស្វាញ​ជាប់​ៗ​គ្នា ។
កាំភ្លើង​ដៃ និងធុនធ្ងន់​​​នៅ​​តែ​​​ផ្លោង​​បាញ់​ផ្តក់​​ដាក់គ្នា​​​​ឥត​ដាច់​សូរ ខណៈ​​​ការ​វាយប្រហារ​​​អូស​បន្លាយ​​មក​ដល់​ម៉ោង​​៨​និង​​​​៣០នាទី​​ថ្ងៃ​ដដែល​...​​តួលេខ​អ្នក​ស្លាប់​​​-​របួស ​​និង​ការ​​ខូចខាត​​ផ្សេងៗ​សម្រាប់​ថ្ងៃទី​៧​នៃ​ការ​​ប្រយុទ្ធ​​គ្នា​នេះ​​មិនទាន់​​មានការ​បង្ហើប​ឱ្យ​ដឹង​នៅឡើយ​ទេ​...។
សេចក្តី​រាយការណ៍​​​បាន​ឱ្យ​ដឹង​ទៀត​​ថា ​​កា​​រ​ប្រយុទ្ធ​​គ្នា​​​នៅព្រឹក​​​ថ្ងៃ​ព្រហស្បតិ៍នេះ​ ពុំ​​មាន​អ្វី​ខុស​​​ប្លែក​ពី​ការប្រយុទ្ធគ្នា​​​​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នោះទេ គឺ​ទាហាន សៀម​​បានបាញ់​​កាំភ្លើង​​ធុនធ្ងន់​​​​ផ្លោង​​ចូល​ក្នុងទឹកដី​កម្ពុជា​​ជា​ច្រើន​​​រយគ្រាប់ ​ហើយ​ទាហាន​​កម្ពុជា​​ក៏បាន​តប​​​តវិញ​​ដើម្បីការពារ​អធិប​តេយ្យ​ភាព​​ជាតិ និង​​ទឹកដីរបស់ខ្លួន ។ ​​គិត​ត្រឹម​វេលា​ម៉ោង​​​​៨​និង​​៣០នាទី​ព្រឹកថ្ងៃទី​​​២៨ មេសា ​នេះ ការប្រយុទ្ធគ្នា​​​​នៅតែ​បន្ត​​ដោយ​ស្នូរ​គ្រាប់​​​កាំភ្លើង​​តូច​ធំ​បានលាន់​ឮ​​​​កង​រំពង​​​នៅតាម​​តំបន់​ព្រំដែន​​ខេត្ត​​ឧត្ត​រមានជ័យ ​ពិសេសនៅ​តំបន់​ប្រាសាទ​​តា​ក្របី និង​ប្រាសាទ​តាមាន់​​ធំ ហើយ​គ្រាប់​​កាំ​ភ្លើង​របស់​សៀម​បាន​ធ្លាក់ជា​ច្រើន​​រយ​គ្រាន់​​ធ្លាយ​ដល់​​ក្រុង​សំរោង និង​ធ្លាក់​ចូលជ្រៅ​ក្នុង​​ដី​កម្ពុជា​ប្រមាណ​​៣០​គីឡូម៉ែត្រ ៕​

No comments:

Post a Comment