· អូសាម៉ា ប៊ិន ឡាឌីន ត្រូវបានសម្លាប់ និងទម្លាក់សពក្នុងសមុទ្រ
· ប្រតិកម្មពីពិភពអ៊ីស្លាម និងព័ត៌មានចម្រូងចម្រាស
· សម្ព័ន្ធមិត្តគ្មានទំនុកចិត្ត? ការវិវត្តន៍នៃទំនាក់ទំនងប៉ាគីស្ថាន-សហរដ្ឋអាមេរិក
· អាល់កៃអ៊ីដា ក្រោយ អូសាម៉ា ប៊ិន ឡាឌិន និងការចាំបាច់កែសំរួលគោលនយោបាយ
ថ្ងៃ ១១ កញ្ញា ២០០១ ឈ្មោះ អូសាម៉ា ប៊ិន ឡាឌីន ស្រាប់តែមានភាពល្បីល្បាញ សឹងតែអ្នកណាក៏ស្គាល់ហូរហែមក ដោយសារព័ត៌មានលោកខាងលិចជាពិសេស លើកមករៀបរាប់ថាជាប្រមុខនៃអង្គការអ៊ីស្លាម អាល់កៃអ៊ីដា ដែលសហរដ្ឋអាមេរិកកំណត់ថា កាលពីថ្ងៃនោះ បានធ្វើសកម្មភាពភេរវកម្មប្លន់ពង្វាងផ្លូវយន្តហោះពាណិជ្ជកម្ម និងវាយលុកអត្តឃាតទៅលើបេះដូងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងពិភពលោកនៅទីក្រុងញូយ៉ក។ ជិត ១០ ឆ្នាំក្រោយ ថ្ងៃ ០២ ឧសភា ២០១១ អូសាម៉ា ប៊ិន ឡាឌីន ដដែល ត្រូវបានសហរដ្ឋអាមេរិកប្រកាសថាបានបាញ់អោយស្លាប់ក្នុងប្រតិបត្តិការមួយលើទឹកដីប៉ាគីស្ថាន។
យោងលើភាពល្បីរបស់មេដឹកនាំ អាល់កៃអ៊ីដា និងសង្គ្រាមប្រឆាំងភេរវកម្មទ្រង់ទ្រាយធំមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រផែនដី ដែលសហរដ្ឋអាមេរិកបាន និងកំពុងដឹកនាំធ្វើ ការចងក្រងពត៌មានអំពីព្រឹត្តិការណ៍មួយនេះ អាចមានប្រយោជន៍សំរាប់លោកអ្នកជ្រាបសាច់រឿងផង និងជាទុនសំរាប់ពិចារណាតទៅមុខទៀតផង។
អូសាម៉ា ប៊ិន ឡាឌីន ត្រូវបានសម្លាប់ និងទម្លាក់ទៅក្នុងសមុទ្រ
លំនាំគ្នានឹងការឃោសនាដែលធ្វើអោយ អូសាម៉ា ល្បីល្បាញ កាលពី ១០ ឆ្នាំមុន និងបន្តរៀងមក ថ្ងៃ ០២ ឧសភា សារពត៌មានធំៗ ពិសេសរបស់សហរដ្ឋអាមេរិក និងលោកខាងលិចជាទូទៅ បានផ្សព្វផ្សាយពត៌មានស្រដៀងគ្នាដែរ តែម្តងនេះគឺមរណភាពរបស់ប្រមុខដឹកនាំ អាល់កៃអ៊ីដា ដោយគ្រាប់កាំភ្លើង ពីរគ្រាប់របស់កងទ័ពសហរដ្ឋអាមេរិក មួយនៅដើមទ្រូង និងមួយទៀតនៅក្បាល។ គ្មានពត៌មានណាអះអាងផ្ទុយពីអ្វីដែល ស៊ីអិនអិន និងប៊ីប៊ីស៊ី បានផ្សាយអំពីប្រតិបត្តិការឆក់យកជីវិត “មេភរវកម្ម” រូបនេះទេ។ អូសាម៉ា បានស្លាប់ជាស្ថាពរ។ ស៊ីអិនអិន និយាយថា ការយកជីវិតនេះ បញ្ជាក់ថាយុគសម័យនៃការស្វែងរកតាមក្រលៀតកៀនកោះ តាមភូមិ និងព្រៃភ្នំ លើទឹកដីអាហ្វកានីស្ថាន និងប៉ាគីស្ថានត្រូវមកដល់ទីបញ្ចប់។
ចំណុចនាំដល់ការទម្លាយករណីនេះ បានកើតមានកាលពីខែសីហា ពេលដែល ផ្នែកស៊ើបការណ៍ សហរដ្ឋអាមេរិកផ្តល់ពត៌មានពីការឃ្លាំមើលលំនៅដ្ឋានមួយតម្លៃប្រមាណ ១ លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងតំបន់ធូរធាមួយភាគខាងជើងក្រុងអ៊ីស្លាម៉ាបាដ ដែលអ្នកនាំសាររបស់ អូសាម៉ា បានរស់នៅ និងដែលឈ្មោះសំងាត់របស់បុគ្គលនោះ ត្រូវបានមន្រ្តីអាមេរិកអះអាងថា លេចឡើងជាញឹកញយ ក្នុងការសួរចម្លើយមនុស្សរបស់ អាល់កៃអ៊ីដា និងថាខ្លួនបានស្រាយអត្តសញ្ញាណកម្មតាំងតែពីបួនឆ្នាំមកម្លេះ។
សញ្ញាសំខាន់ៗ បាននាំអោយការស៊ើបអង្កេតកាន់តែពង្រឹងការសន្និដ្ឋានរបស់ខ្លួន មានដូចជា អ្នករស់នៅក្នុងលំនៅដ្ឋាននោះតែងតែដុតសំណល់ផ្សេងៗ ជាជាងទុកចោលអោយសេវាសំអាតសាធារណៈមកកើប មិនមានសេវាទូរស័ព្ទ ឬអាំងទែរណែតអ្វីទាំងអស់ ហើយអាគារដែលមានកំពស់ ៣ ជាន់ មានបង្អួចនោះតែពីរបីដែលបែរមកក្រៅ។ មិនតែប៉ុណ្ណោះ របងកំពស់សឹងតែ ៥ មែត្រ មានលួសបន្លាព័ទ្ធ ជុំវិញទៀតផង។ អ្នកវិភាគផ្នែកស៊ើបអង្កេតសន្និដ្ឋានថា ជាអាគារដែលសង់ជាពិសេសសំរាប់លាក់អ្នកណាម្នាក់មិនខាន។ សេអ៊ីអា បានអោយប្រធានាធិបតី អូបាម៉ា ដឹងពីពត៌មានសំងាត់នេះកាលពីខែកញ្ញា ហើយនៅខែកុម្ភៈក៏មានការអះអាងពង្រឹងពត៌មាននោះបន្ថែមទៀត។
ព្រលឹមថ្ងៃ ច័ន្ទទី ០២ ឧសភា នៅក្រុង អាបុត្តាបាដ ចំងាយប្រមាណជា ៦០ គីឡូម៉ែត្រ (៣៥ ម៉ៃល៍) ពីទីក្រុងអ៊ីស្លាម៉ាបាដនៃប្រទេសប៉ាគីស្ថាន អនុវត្តន៍បទបញ្ជារបស់ប្រធានាធិបតី អូបាម៉ា កាលពីថ្ងៃសុក្រមុនចាកចេញទៅពិនិត្យមើលមហន្តរាយបណ្តាលពីខ្យល់កួចនៅរដ្ឋ អាឡាបាម៉ា កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានវាយសំរុក និងសម្លាប់ប្រមុខ អាល់កៃអ៊ីដា ដ៏ល្បីល្បាញ ព្រមដោយការអធិប្បាយជាច្រើនដូចជា អូសាម៉ា ត្រូវបានបាញ់ពីរគ្រាប់ បន្តដោយសេចក្តីរាយការណ៍លំអិតរបស់ស៊ីអិនអិន ថាបន្ទាប់ ពីបានទាញស្ត្រីមួយរូប ដែលជាភរិយាម្នាក់ក្នុងចំណោមច្រើននាក់ ធ្វើជាខែលការពារខ្លួនពីកម្លាំងគ្រាប់។
ទីប្រឹក្សាសន្តិសុខជាតិ និងប្រឆាំងភេរវកម្មរបស់ប្រធានាធិបតី អូបាម៉ា និយាយថា សាកសពរបស់ អូសាម៉ា ប៊ិន ឡាឌិន ត្រូវបានទម្លាក់ទៅក្នុងសមុទ្រ ពីព្រោះមិនមានជំរើសណាផ្សេង ដូចជាយកគាត់ទៅដល់ដីគោកដើម្បីនឹងកប់ ក្នុងរយៈពេល ២៤ ម៉ាង ដូចដែលមានចែងដោយច្បាប់អ៊ីស្លាម។ មន្ត្រីសហរដ្ឋ អាមេរិកនិយាយថា “សាកសពត្រូវបានចំអាសទឹក និងស្រោបដោយក្រណាត់ស។ មន្រ្តីយោធាមួយរូប អានអត្ថបទ (ជូនដំណើរ) ដែលមានការបកប្រែជាភាសាអារ៉ាប់។ ពីលើក្តារមួយបន្ទះ សាកសពត្រូវបានបំបះអោយរអិលចូលទៅសមុទ្រ។”
ប្រតិកម្មពីពិភពអ៊ីស្លាម និងពត៌មានចំរូងចំរាស់ពីសារពត៌មានសេរី
នៅចំពោះមុខការឃោសនាដ៏គគ្រឹកគគ្រេងរបស់ប្រព័ន្ធឃោសនាមហាអំណាច ប្រមុខគណៈកម្មការសភាសំរាប់គោលនយោបាយសន្តិសុខ និងការបរទេសជាតិ នៃប្រទេសអ៊ីរ៉ង់ ត្រូវបានស្រង់សំដីអះអាងកាលពីថ្ងៃទី ២ ឧសភា ថា “យើងមិនទាន់ច្បាស់នៅឡើយទេអំពីការប្រកាសរបស់សហរដ្ឋអាមេរិក ព្រោះជាច្រើនលើកមកហើយ ដែលពួកគេប្រកាសថា ប៊ិន ឡាឌិន ត្រូវបានសម្លាប់នោះ” និងបានលើកមតិថា “សព្វថ្ងៃនេះមានប្រទេសប្រមាណជា ៤៧ ទៅ ៤៨ ដែលមានកម្លាំងយោធានៅអាហ្វកានីស្ថាន តែ(ពត៌មាននេះ) គ្មានបានធ្វើអោយមានការប្រែប្រួលអ្វីច្រើនទេ បើទោះជាសហរដ្ឋអាមេរិក និយាយពិតក៏ដោយ...”។
សំរាប់លោកអ្នកអានដែលមិនសូវមានពត៌មានពីហេតុការណ៍នេះកន្លងមក សូមអនុញ្ញាតជំរាប់ថា អ្នកវិភាគ និងអ្នកជំនាញខាងយោធាជាច្រើនធ្លាប់បានសំដែងនូវជំនឿថា សហរដ្ឋអាមេរិក បានពន្យាពេលនៃការសម្លាប់ អូសាម៉ា យូរមកហើយ ដើម្បីបន្តវត្តមានរបស់កម្លាំងដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងប្រទេសអាហ្វកានីស្ថាន។ ពាក់ព័ន្ធនឹងការដែលមន្រ្តីអាមេរិក បោះបង់សព ឡាឌិន ទៅក្នុងសមុទ្រ ប្រភពពត៌មានពីអ៊ីរ៉ង់អះអាងថា ការកប់(ទម្លាក់) សាកសពចូលក្នុងសមុទ្រមិនមែនជាទម្លាប់របស់អ៊ីស្លាមទេ ហើយអ៊ីស្លាមក៏មិនបានកំណត់ពីរយៈពេលដែលសពត្រូវយកទៅបញ្ចុះដែរ។
មានការគិតទុកមុនដោយមន្ត្រីសហរដ្ឋអាមេរិក អំពីវិធីបញ្ចុះសព អូសាម៉ា។ ហេតុផលមួយក្នុងចំណោមហេតុផលដែលសហរដ្ឋអាមេរិកផ្អែកយ៉ាងមាំ ដើម្បីអនុវត្តការទម្លាក់សពចូលសមុទ្រ ហើយក្រៅពីអ្វីដែល អ៊ីរ៉ង់ បានអះអាងថាមិនមែនជាទម្លាប់ និងច្បាប់អ៊ីស្លាមនោះ គឺ “គ្មានប្រទេសណាមួយ មានឆន្ទៈ ឬអាចនឹងទទួលសាកសព អូសាម៉ា ទៅធ្វើពិធីបុណ្យទេ” កុំសូម្បីតែ ប្រទេសកំណើតរបស់ អូសាម៉ា គឺ អារ៉ាប៊ី សាអ៊ូឌី ផង។ អ្នកវិភាគក្នុងពិភពអ៊ីស្លាមចោទឡើងថា ហេតុអ្វីបានជាមន្ត្រីសហរដ្ឋអាមេរិកទម្លាក់ សាកសព ប៊ិន ឡាឌិន ទៅសមុទ្រ បើគេអាចវិភាគ ឌីអិនអេ លើសាកសព ដើម្បីអះអាងថាពិតជា ប៊ិន ឡាឌិន មែននោះ?
ក្នុងចរន្តមិនស៊ីសង្វាក់គ្នាមួយទៅនឹងការអះអាង និងការវិវត្តនៃព្រឹត្តិការណ៍ខាងលើ ជាការចម្លែកដែរ ដែលកាសែតអង់គ្លេស The Guardian សរសេរថា រូបថតដែលបានបង្ហាញតាមវ៉ែបសាយត៍នានា អះអាងថាជាសាកសពរបស់ ប៊ិន ឡាឌិន មានការខុសគ្នា និងរូបខ្លះបានប្រើលើវ៉ែបសាយត៍មួយចំនួនតាំងតែ ពីពីរឆ្នាំមុនម្លេះ។ កាសែតអះអាងថា រូបភាពក្លែងនោះ ដំបូងឡើយត្រូវបានគេចុះផ្សាយនៅវ៉ែបសាយត៍ “themedialine.org” ដែលជាកាសែតមួយនៅមជ្ឈិមបូព៌ា តាំងតែពីថ្ងៃទី ២៩ មេសា ឆ្នាំ ២០០៩ ម្លេះ។ កាលពីពេលនោះ មានវេទិកាជាច្រើនឃុបឃិតគ្នាទទូចថា រូបថតនោះមិនមែនក្លែងបន្លំទេ និងថែមទាំងបានអះអាងថា ប្រមុខអាល់កៃដា ពិតជាត្រូវបានសម្លាប់ពេលនោះហើយ។
សម្ព័ន្ធមិត្តគ្មានទំនុកចិត្ត?
អូសាម៉ា ប៊ិន ឡាឌិន ត្រូវបានសម្លាប់ ប្រជាពលរដ្ឋអាមេរិកអបអរ តែ រដ្ឋបាលប៉ាគីស្ថានជ្រួញចិញ្ចើម។ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក Carl Levin ដែលដឹកនាំគណៈកម្មាធិការយុទ្ធសេវា នៃព្រឹទ្ធសភាសហរដ្ឋអាមេរិក និយាយថា មន្រ្តីយោធា និងស៊ើបអង្កេតរបស់ប៉ាគីស្ថាន ត្រូវឆ្លើយនឹងសំណួរជាច្រើន ដែលដំបូងបង្អស់គឺ ហេតុអ្វីបានជាពួកគេមិនដឹងថា អូសាម៉ា លាក់ខ្លួននៅទីណា មុនពេលដែនមានការវាយប្រហាររបស់សហរដ្ឋអាមេរិក ពិសេសពេលឃើញថា ទីស្នាក់អាស្រ័យដែលប្រមុខ អាល់កៃអ៊ីដា ត្រូវបានសម្លាប់ នៅប្រមាណជា ១០០ ម៉ែត្រពីបណ្ឌិតសភាយោធាប៉ាគីស្ថាន នៅទីក្រុង Abbottabad?
ការប្រកាសដ៏ចំរូងចំរាស់គ្នា ដោយមន្រ្តី សហរដ្ឋអាមេរិក និងប៉ាគីស្ថាន ពីការវាយប្រហារ បានធ្វើអោយមានការលំបាកនឹងវាយតម្លៃពីការរួមចំណែកនៃផ្នែកស៊ើបការណ៍ និងយោធាប៉ាគីស្ថាន នៅក្នុងការប្រហារ ប៊ិន ឡាឌិន នេះ។ ក្រោយការប្រកាសដោយប្រធានាធិបតី បារ៉ាក់ អូបាម៉ា អំពីមរណភាពរបស់ ប៊ិន ឡាឌិន មន្រ្តីផ្នែកស៊ើបការណ៍សហរដ្ឋអាមេរិក បានប្រាប់អ្នកកាសែតនៅ វ៉ាស៊ីនតោនថា អាជ្ញាធរប៉ា គីស្ថាន មិនទាន់បានទទួលការជូនពត៌មានអំពីការវាយប្រហារ ដែលរៀបចំដោយយោធាសហរដ្ឋអាមេរិកទេ។ តែកាលពីថ្ងៃច័ន្ទនេះ រដ្ឋមន្ត្រីការបរទេស លោកស្រី ហ៊ីឡារី គ្លីនតុន បានថ្លែងថា “ប្រតិបត្តិការលាក់មុខ” ជាមួយសេវាពិសេសប៉ាគីស្ថាន បានជួយសហរដ្ឋអាមេរិក អោយ “សំរេចបានគោលដៅ”។
អ្នកជំនាញខាងយោធាមួយចំនួន គិតថា សហរដ្ឋអាមេរិក ប្រហែលជាមិនបានជូនពត៌មានអោយ អាជ្ញាធរប៉ាគីស្ថានអំពីផែនការនៃប្រតិបត្តិការនេះទេ ពីព្រោះអាចនឹងមកពីហេតុផលថា បើមិនដូចនេះ ប៊ិន ឡាឌិន អាចនឹងគេចខ្លួនបាត់ ដោយសារតែការធ្លាយពត៌មានជាមិនខាន។ យ៉ាងណាក្តី ភ្លាមនោះដែរ ប្រធានាធិបតី ប៉ាគីស្ថាន Asif Ali Zardari បានកោះប្រជុំគ្រាអាសន្នជាមួយមន្ត្រីសន្តិសុខជាតិ ដោយមន្ត្រីប៉ាគីស្ថាន អោយដឹងថា “នឹងចេញសេចក្តីថ្លែងការណ៍ជាផ្លូវការរបស់រដ្ឋាភិបាល ប៉ាគីស្ថាន ស្តីពី ឧបទ្ទេវហេតុ អូសាម៉ា ប៊ិន ឡាឌិន”។
ផ្ទុយទៅវិញ អ្នកវិភាគពីពិភពអ៊ីស្លាម មានមតិពីហេតុការណ៍នេះថា វាមិនអាចទៅរួចទេ ដែលធ្វើការវាយប្រហារដោយផ្លូវអាកាស និងកាំភ្លើងយន្តក្នុងចំងាយក្រោម ១០០ គីឡូម៉ែត្រពីអ៊ីស្លាម៉ាបាដ ដោយ មិនបានប្រាប់រដ្ឋាភិបាលប៉ាគីស្ថានអោយដឹងនោះ ពិសេសក្នុងតំបន់ដែលមានការការពារខ្ពស់យ៉ាងនេះ។ តើអាចជាលទ្ធភាពមួយដែរឬទេ ដែលថា ពួកស៊ើបការណ៍ប៉ាគីស្ថានបានដឹងជាមុន តែការកំណត់ពេលប្រតិបត្តិការមិនបានពិភាក្សាគ្នា។
ការវិវត្តន៍នៃទំនាក់ទំនងប៉ាគីស្ថាន-សហរដ្ឋអាមេរិក
រឿងរ៉ាវរវាងផ្នែកស៊ើបការណ៍ប៉ាគីស្ថាន ដែលស្គាល់ដោយពាក្យកាត់ថា ISI និង សេអ៊ីអា របស់សហរដ្ឋអាមេរិក កើតមានជាហូរហែរ ដោយកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ហាក់បានដាក់ផ្នែកស៊ើបការណ៍របស់សហរដ្ឋអាមេរិក ក្នុងស្ថានភាពទាល់ច្រកក្នុងការស្វែងរកតំរុយពីទីលាក់ខ្លួនរបស់ អូសាម៉ា ប៊ិនឡាឌិន។ មានពត៌មានថា ឧត្តមសេនីយ៍ David Petraeus នៃសេអ៊ីអា បានរៀបចំផែនការដ៏គ្រោះថ្នាក់មួយសំរាប់ប៉ាគីស្ថាន។ ធំក្លិនផែនការនេះ ពួកយោធាប៉ាគីស្ថាន បានប្រើការទប់ទល់វិញតាមរូបភាព ជាសាកសពរបស់ ប៊ិន ឡាឌិន។ ដល់ពេលនេះ ប៉ាគីស្ថាន អាចនិយាយថា បានផ្តល់អោយសហរដ្ឋអាមេរិកនូវកាលានុវត្តភាពសម្លាប់ “សត្រូវសាធារណៈទីមួយ” របស់ខ្លួន ហើយក៏បង្ហាញនូវភាពស្មោះត្រង់ និងការប្តេជ្ញាខ្លួនជាសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក “ឡើងវិញ” ក្នុងក្តីសង្ឃឹមថា សព ប៊ិន ឡាឌិន នឹងត្រាយផ្លូវទៅបញ្ចប់ “សង្គ្រាមប្រឆាំងភេរវកម្ម” និង “កាត់បន្ថយសំពាធលើ ប៉ាគីស្ថាន”។
ទោះជាយ៉ាងនេះក្តី អ្នកវិភាគសភាពការណ៍ជាច្រើន ពិសេសក្នុងពិភពអ៊ីស្លាម គិតថា ការស្លាប់របស់ ប៊ិន ឡាឌិន អាចនឹងនាំមកជាបញ្ហាកាន់តែច្រើនឡើងសំរាប់ ប៉ាគីស្ថាន។ ប្រតិបត្តិការសម្លាប់ ដោយកងទ័ពសហរដ្ឋអាមេរិក និងប៉ាគីស្ថាន នឹងនាំទៅដល់ការចងកំហឹងជាសាធារណៈ នៅក្នុងប្រទេស ក៏ដូចជាដាក់យោធា និងរដ្ឋាភិបាលប៉ាគីស្ថាន ក្នុងស្ថានភាពនយោបាយមួយដ៏លំបាក។ យុទ្ធិកៈពីគ្រប់ទិសទីក្នុងពិភពលោក អាចនឹងចាត់ទុកប៉ាគីស្ថានជាសត្រូវ និងជាគោលដៅពីព្រោះ ចេញពីភូមិសាស្ត្រប៉ាគីស្ថាន គេងាយនឹងធ្វើសកម្មភាពភេរវកម្ម។ នឹងមានការបង្ហូរឈាមច្រើនទៀតនៅប៉ាគីស្ថាន គឺជាតម្លៃ ដែលតួអង្គរដ្ឋត្រូវបង់ ចំពោះការចូលរួមជាមួយនឹងអ្វីដែលហៅថា “សង្គ្រាមប្រឆាំងភេរវកម្ម”។
មានការថ្លឹងថ្លែងរវាង ការសំរេចចិត្តរបស់ពួកយោធាប៉ាគីស្ថាន ក្នុងការលាងដៃចេញពី ប៊ិន ឡាឌិន និងបន្ធូរភាពតានតឹងនៃ “សង្គ្រាមប្រឆាំងភេរវកម្ម” ជាមួយនឹងការដែល សហរដ្ឋអាមេរិក មិនងាយនឹងដកចេញនូវការតាមសង្កត់លើប៉ាគីស្ថាន។ ខ្លះទៀតអះអាងថា សហរដ្ឋអាមេរិក មិនមែនជាសម្ព័ន្ធមិត្ត ឬមិត្តរបស់ប៉ាគីស្ថាន ហើយនៅលើការជាក់ស្តែង សហរដ្ឋអាមេរិកចង់កំចាត់សមត្ថភាពនុយក្លេអ៊ែររបស់ប្រទេសនេះ ព្រោះ ប៉ាគីស្ថាន និងអ៊ីរ៉ង់ ជាប្រទេសអ៊ីស្លាម ដែលអាចប្រឈមមុខនឹងគោលនយោបាយ “ចក្រពត្តិនិយម” សហរដ្ឋអាមេរិក នៅពិភពមូស្លីម។
ប្រុងជើងការទប់ទល់ និងគំនុំសងសឹក
តាមទីភ្នាក់ងារសារពត៌មាន អាអេហ្វប៉េ អ្នកនាំពាក្យពួកយុទ្ធិកៈថ្លែងថា “យើងនឹងសងសឹកអោយការស្លាប់របស់គាត់ និងបើកការវាយប្រហារប្រឆាំងរដ្ឋាភិបាលអាមេរិក និងប៉ាគីស្ថាន ក៏ដូចជាកម្លាំងសន្តិសុខរបស់ពួកគេ”។ ដូចគ្នាដែរ ក្រោយការប្រកាសពីការសម្លាប់ អូសាម៉ា ប៊ិន ឡាឌិន ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញការណែនាំទូទាំងពិភពលោក ចំពោះពលរដ្ឋអាមេរិក ព្រមានពីលទ្ធភាពដែលកំពុងតែកើនឡើងនូវអំពើហឹង្សាប្រឆាំងអាមេរិក។
រដ្ឋមន្ត្រីការបរទេសអង់គ្លេស William Hague ក៏បាននិយាយថា អង្គការ អាល់កៃអ៊ីដា នៅមានជីវិតនៅឡើយទេ ហើយចាត់ថា “នេះមិនទាន់ដល់ទីបញ្ចប់នៃការប្រឆាំងពីពួកអាល់កៃអ៊ីដា និងក្រុមចំនុះឡើយ។ អាចនឹងមានក្រុមណាមួយ ប៉ុនប៉ងបង្ហាញថាខ្លួននៅមានសកម្មភាពនៅឡើយទេ”។ អង់គ្លេសបានសូមអោយស្ថានទូតទាំងអស់របស់ខ្លួន ពិនិត្យឡើងវិញការរៀបចំខាងសន្តិសុខ។ នាយករដ្ឋម្ត្រីអូស្ត្រាលី ថ្លែងថា “សូមអោយពលរដ្ឋអូស្តា្រលី កុំប្រឈមសន្តិសុខផ្ទាល់ខ្លួននឹងអំពើហឹង្សាដែលអាចកើតមាន ពីការទៅចូលរួមការជួបជុំ ឬបាតុកម្មនានា” ហើយថែមទាំងទទូចថា “សង្គ្រាមនៅអាហ្វកានីស្ថាន នឹងបន្ត ហើយការស្លាប់របស់ ប៊ិន ឡាឌិន មិនបានដូរផ្លាស់ការគំរាមកំហែងពី តាលីបង់ ទេ”។
វាមិនអាចមានការវិវត្តន៍ណាផ្ទុយពីនេះបានទេ ព្រោះថា ក្រៅពីបង្អាប់ អូសាម៉ា ប៊ិន ឡាឌិន ដែលជា មេបញ្ជាការយុទ្ធជនអ៊ីស្លាមអត្តឃាត ថា “យកប្រពន្ធរាំងមុខគ្រាប់” (យើងជឿដោយឧបមាទៅចុះថា អូសាម៉ា មិនដឹងទេថា គ្រាប់កាំភ្លើងវាអាចទំលុះខ្លួនមនុស្សជាច្រើននាក់ក្នុងពេលតែមួយ) និងយកសព ទៅចោលក្នុងសមុទ្រ (ពិតហើយនៅមានកិត្តិយសជាងប្រជាជនអាមេរិករាប់ពាន់នាក់ ដែលកប់ក្នុងជំរៅគំនរផេះផង់) កាលពីថ្ងៃច័ន្ទ អតីតប្រធានាធិបតី ប៊ូស ស្ថាបនិកសង្គ្រាមសងសឹកនឹងអាល់កៃអ៊ីដា និង ប៊ិន ឡាឌិន អះអាងថា “ការប្រយុទ្ធប្រឆាំងភេរវកម្មនឹងបន្ត ... មិនថាយូរប៉ុណ្ណាទេ យុត្តិធម៌ត្រូវតែរកឃើញ”។ ការថ្លែងនេះ ត្រូវបានបន្ថែមទំងន់ដោយប្រសាសន៌លោកស្រី ហ៊ីឡារី គ្លីនតុន “សមរភូមិដើម្បីបញ្ឈប់អាល់កៃអ៊ីដា និងពួករួមគំនិត មិនចប់ត្រឹមការស្លាប់របស់ ប៊ិន ឡាឌិន ទេ”។
អាល់កៃអ៊ីដា ក្រោយការស្លាប់នៃ អូសាម៉ា ប៊ិន ឡាឌិន
ព្រឹត្តិការណ៍វាយប្រហារសម្លាប់ អូសាម៉ា ប៊ិន ឡាឌិន ពិតជាជោគជ័យនៃការប្រឆាំងភរវកម្មលើសកលលោក តែអ្នកវិភាគរបស់សហរដ្ឋអាមេរិកថា វាគ្រាន់តែជាបង្គោលគីឡូម៉ែត្រមួយថ្មីប៉ុណ្ណោះ មិនទាន់ដល់ផ្លូវបត់នៃការតស៊ូកំពុងបន្តនៅឡើយ ហើយក៏មិនដឹងថានឹងទៅដល់ត្រឹមណាទើបចប់នោះដែរ។ សារសំខាន់នៃអ្វីដែលបានសំរេច កើតចេញពីភាពជានិមិត្តរូប និងល្បីល្បាញរបស់ ប៊ិន ឡាឌិន ជាតំណាងនៃលទ្ធភាពអាចវាយប្រហារដោយជោគជ័យប្រឆាំងសហរដ្ឋអាមេរិក និងលោកខាងលិច។ គេជឿថា ចំនុចនាំមុខសកម្មនោះ បានរលុបបាត់ហើយ។ អ្នកគិតថាហេតុការណ៍នេះ ជាជោគជ័យតែមួយមុខ ក៏ស្លុងនឹងគំនិតថា វាបានបង្ហាញនូវសមត្ថភាពដ៏ខែងរែង នៃកម្លាំងពិសេសសហរដ្ឋអាមេរិក ហើយបញ្ជូនជាសារទៅភេរវជនគ្រប់រូប ថា មិនរួចខ្លួនបានទេ។
យ៉ាងណាក្តី សូមទាញអារម្មណ៍ថា នេះមិនមែនជាជោគជ័យលើជនដែលរត់ពីការស្លាប់សុទ្ធសាធនោះទេ។ កូនទាហានភេរវកម្ម បានវាយលុកមិនមែនពីចម្ងាយដូចថៃបាញ់គ្រាប់ ១៥០ មិល្លីម៉ែត្រ លើទឹកដី និងប្រជាជនស្លូតត្រង់នៃកម្ពុជាទេ តែគឺជាមួយនឹងអត្តឃាតកម្ម ដែលការសន្និដ្ឋានពីការខ្លាចស្លាប់ណាមួយរបស់ពួកនេះ ហាក់មិនអាចទទួលយកបានទេ។ គួរពិនិត្យថា វាមានការជាក់ស្តែងពីរជាមូលដ្ឋាន គឺ ទី ១ ការយក ប៊ិន ឡាឌិន ចេញ មិនមែនយកភរវកម្មនិយមចេញទាំងស្រុងទេ ហើយក៏គ្មាននូវអ្វីដែលហៅថាជោគជ័យមួយរយភាគរយលើភេរវកម្មនោះដែរ។ ទី ២ ព្រឹត្តិការណ៍ខាងលើបង្ហាញថា ប៉ាគីស្ថាន ជំរកនៃពួកភេរវករដែលគ្រោះថ្នាក់បំផុតមួយចំនួនលើពិភពលោក ត្រូវបានកំណត់ថា (បើមិនមានអ្វីផ្សេងទេ) ជាដៃគូមិនពេញលេញជាមួយសង្គ្រាមប្រឆាំងភរវកម្ម។
ពេលនេះ មនុស្សក្រោមបង្គាប់បន្ទាប់ពី ប៊ិន ឡាឌិន កំពុងតែគេចខ្លួន។ បណ្តាញផ្គត់ផ្គង់លុយកាក់ក៏ត្រូវកាត់ផ្តាច់។ អ្នកវិភាគជាច្រើនទៀតគិតផងដែរថា ជាមួយនឹងការស្លាប់របស់ ឡាឌិន មិនអាចថាមានការបញ្ចប់ភ្លាមៗ នូវប្រតិបត្តិការយោធាណាមួយរបស់សហរដ្ឋអាមេរិកនៅតំបន់នានាទេ។ ដែលថា វានឹងធ្វើអោយមានការប្រែប្រួលអ្វីអោយពិតនៅលើការជាក់ស្តែង ហាក់ដូចជាមិនទាន់មានសូចនាករណាអាចយកជាមូលដ្ឋានបានដែរ។ ម្យ៉ាងទៀត បើនិយាយពី ឡាឌិន មិនមែននិយាយតែមនុស្សម្នាក់ទេ គឺមានមនុស្សច្រើននាក់ដែលរៀបចំឆាកសំដែងនេះ ហើយការស្លាប់របស់ ប៊ិន ឡាឌិន មិនមែនជា “អនិច្ចកម្ម” របស់អាល់កៃអ៊ីដាទាំងមូលផងទេ។ សូមពិនិត្យមើល នៅអាហ្វកានីស្ថាន កងកម្លាំងអន្តរជាតិ មិនមែនធ្វើសង្គ្រាមជាមួយតែ អាល់កៃអ៊ី ឯណា តែក៏មាន តាលីបង់ ហស្សប៊ី អ៊ីស្លាមី និងក្រុមជាច្រើនទៀត។
គួរពិនិត្យឡើងវិញនូវគោលនយោបាយចំពោះមូស្លីម
ពិតហើយថា ប្រធានាធិបតី អូបាម៉ា នៃសហរដ្ឋអាមេរិករកបាននូវកម្លាំងជំរុញសំរាប់រូបភាពនយោបាយរបស់គាត់ តែថា អោយភេរវកម្មបរាជ័យទាំងស្រុងនោះ មិនអាចទាន់សន្និដ្ឋានបានទេ។ មានការផ្តល់យោបល់ថា ចាំបាច់សហរដ្ឋអាមេរិកត្រូវតែត្រួតពិនិត្យឡើងវិញនូវបណ្តាគោលនយោបាយនានា ចំពោះពិភពមូស្លីម។ មានមតិមួយចំនួនថា ជោគជ័យពិតប្រាកដនៃកិច្ចការសងសឹកយកជីវិតមេ អាល់កៃអ៊ីដា គឺខ្លឹមសារនៃយុទ្ធនាការឃោសនារកការគំាទ្រក្នុងអាណត្តិបន្ត របស់ ប្រធានាធិបតី អូបាម៉ា ទៅវិញទេ។ អ្នក ណាក៏ដឹងដែរ គោលនយោបាយរបស់រដ្ឋបាល អូបាម៉ា ចំពោះមជ្ឈិមបូព៌ាកន្លងទៅ គ្មានបានផលនោះ។
ដើម្បីធានាអោយមានជោគជ័យថ្មី និងពិតប្រាកដ ក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម សហរដ្ឋអាមេរិក ត្រូវតែ គិតគូរដូរផ្លាស់ជំហររបស់ខ្លួន ដែលដំបូងបង្អស់ រដ្ឋបាល អូបាម៉ា ត្រូវតែបង្កើនការប្រឹងប្រែងដោយសុទ្ធចិត្ត ស្រាយទំនាស់អារ៉ាប់ និងអ៊ីស្រាអែល ហើយព្យាយាមបង្កើតអោយបានជារដ្ឋប៉ាឡេស្ទីន នៅដំណាច់ឆ្នាំនេះអីអញ្ចឹងទៅ។ បើមិនដូចនោះទេ អ្នកជំនាញសន្មត់ថា “ជោគជ័យថ្ងៃ ០២ ឧសភានេះ នឹងមិនប្រើបានជាការអ្វីឡើយ”។
ករណីសង្គ្រាមប្រឆាំងភេរវកម្មនៅអាហ្វកានីស្ថាន ប្រមុខអង្គការណាតូ បានអបអរនឹងការស្លាប់របស់ ប៊ិនឡាឌិន តែអះអាងថា ណាតូ នៅតែបន្តវត្តមាននៅអាហ្វកានីស្ថាន ក្នុងបំណងរារាំងប្រទេស មិនអោយក្លាយជាសំបុកនៃភេរវករ។ អ្នកវិភាគនយោបាយ និងយោធា បានគូសវាសទុករួចហើយថា សហរដ្ឋអាមេរិកបានពន្យាការសម្លាប់ ប៊ិន ឡាឌិន ដើម្បីបន្តវត្តមានកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិកប្រមាណ ១៥ ម៉ឺននាក់ ក្នុងនោះទាហានអាមេរិក ៤៧ ម៉ឺននាក់នៅ អាហ្វកានីស្ថាន ដែលកាលពីថ្ងៃ ២ តុលា ២០១០ ប្រធានាធិបតី ហាមីឌ កាហ្សៃ នៃប្រទេសអាហ្វកានីស្ថាន ដែលសហរដ្ឋអាមេរិកបានជ្រើសរើសអោយដឹកនាំប្រទេសក្រោយយកពួក តាលីបង់ ចេញពីការគ្រប់គ្រងប្រទេស ស្របនឹងការតាមកំចាត់ ប៊ិន ឡាឌិន អះអាងថា “កម្លាំងដឹកនាំដោយសហរដ្ឋអាមេរិកនៅអាហ្វកានីស្ថាន នឹងចេញពីអាហ្វកានីស្ថាន តែ ពេលណាដែលពួកគេលែងជឿថា មានការចាំបាច់ ដើម្បីផលប្រយោជន៍របស់ពួកគេ ...”។
បើសូម្បីមនុស្សដែលរស់ដោយសារសហរដ្ឋអាមេរិក និងលោកខាងលិច ក៏និយាយភាសានេះដែរ តើការដូរផ្លាស់គោលនយោបាយរួមរបស់សហរដ្ឋអាមេរិក ដើម្បីស្រាយបញ្ហាមជ្ឈិមបូព៌ាឈានទៅកាត់បន្ថយកំសួលភ្លើងភេរវកម្ម អាចជាក្តីសង្ឃឹមគួរអោយជឿថានឹងកើតមានឬទេ? ចម្លើយគឺនៅតែ អាស្រ័យលើប្រយោជន៍របស់មហាអំណាច ដូចជាបានអ្វីមក បាត់បង់អ្វី ធ្វើពេលណា អីចឹងៗ ទៅ តែដដែលនឹង។ យ៉ាងនេះឯងដែល មាន ឬគ្មាន អូសាម៉ា ប៊ិន ឡាឌិន វាគ្រាន់តែបាត់អ្នកដឹកនាំពូកែមួយរូបរបស់ចលនា តែ អាល់កៃអ៊ីដា មិនបាត់បង់ឯណា។ ចលនាជាច្រើន បានបាត់បង់ឥស្សរជនដឹកនាំឆ្នើមរបស់ខ្លួន តែចំណេរក្រោយមកក៏មានអ្នកបន្តវេន។
និយាយដូចនេះ ពិភពលោកមិនចង់អោយមានអ្នកបន្តវេនចលនាដ៏គ្រោះថ្នាក់នេះទេ តែជាញឹកញយអ្នកផងក៏គួរតែគិតដែរថា អង្គការភេរវកម្មមិនមែនរដ្ឋនេះ ចង់ដណ្តើមសហរដ្ឋអាមេរិកពី ប៊ូស? ពី អូបាម៉ា ឬ? ឬពិភពលោកទាំងមូល? បើមិនជីករំលើងដល់រឹសនៃបញ្ហាដូចបានរៀបរាប់ខាងលើ មិនយូរទេលោកអ្នកអានក៏នឹងនៅតែជួបនឹងចំណងជើងធំៗ នៃដំណឹងក្តៅៗ អំពីភេរវកម្មតទៅមិនលែងឡើយ៕
No comments:
Post a Comment