គេហទំព័រ MCOT របស់ថៃ ជាភាសាអង់គ្លេស នៅថ្ងៃទី៥ ឧសភា ផ្សាយឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃ លោកអាប់ភីស៊ីត វ៉េចាជីវ៉ា កាលពីថ្ងៃទី៥ ឧសភា នោះ បានថ្លែងអះអាងបញ្ជាក់សាជាថ្មីម្តងទៀតថា រដ្ឋាភិបាលរបស់លោកនឹងមិនផ្តល់សច្ចាប័នលើឯកសារសម្រាប់វត្តមានអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីនៅតំបន់មានជម្លោះព្រំដែនរវាងប្រទេសថៃ និងប្រទេសកម្ពុជាឡើយ ប្រសិនបើកម្ពុជានៅមិនទាន់កងទ័ពពីតំបន់នោះនៅឡើយ ។ លោកអាប់ភីស៊ីត បានបង្ហាញពីគោលជំហរបស់លោកជាថ្មីទាក់ទិនទៅនឹងបញ្ហាវត្តមានអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីនៅពេលដែលប្រទេសឥណ្ឌូណេស៊ីបច្ចុប្បន្នមានតួនាទីជាប្រធានអាស៊ានស្នើបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនទៅកាន់តំបន់ព្រំដែនមានជម្លោះរវាងប្រទេសកម្ពុជា និងប្រទេសថៃ ក្រោយពីមានការប៉ះទង្គិចគ្នាដោយអាវុធម្តងហើយម្តងទៀត រវាងកងទ័ពប្រទេសទាំងពីរនៅតំបន់ព្រំដែន។
គេហទំព័រ MCOT បានដកស្រង់សម្តីលោកអាប់ភីស៊ីត ដែលថ្លែងថា មានឯកសារជាលាយលក្ខណ៍អក្សរស្តីអំពីការកំណត់កន្លែងឈរជើងសម្រាប់អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី ហើយក្រសួងការបរទេសបានពិភាក្សាជាមួយប្រទេសឥណ្ឌូណេស៊ីថា អ្នកសង្កេតការណ៍នឹងត្រូវអនុញ្ញាតឱ្យទៅកាន់តំបន់មានជម្លោះក្នុងលក្ខខណ្ឌដែលកម្ពុជាយល់ព្រមដកកងទ័ព និងពលរដ្ឋរបស់ខ្លួនចេញពីតំបន់មានផ្ទៃដីទំហំ៤,៦គីឡូម៉ែត្រក្រឡានេះជាមុនសិន ។ លោកអាប់ភីស៊ីត ថ្លែងថា វត្តមានពលរដ្ឋកម្ពុជានៅតំបន់មានជម្លោះនោះគឺរំលោភបំពានអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលចុះហត្ថលេខាដោយប្រទេសទាំងពីរកម្ពុជា-ថៃកាលពីឆ្នាំ២០០០។
នាយករដ្ឋមន្ត្រីសៀមរូបនេះថ្លែងថា «ខ្ញុំនឹងមិនផ្តល់ការអនុម័តលើឯកសារដែលអនុញ្ញាតឱ្យមានវត្តមានអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីឡើយប្រសិនបើកម្ពុជានៅមិនទាន់ឆ្លើយតបចំពោះសំណើរបស់ថៃនោះ»។
សំណើរបស់ថៃដែលតម្រូវឱ្យពលរដ្ឋកម្ពុជារុះរើចេញពីតំបន់មានផ្ទៃដីទំហំ៤,៦គីឡូម៉ែត្រក្រឡានោះ កម្ពុជាមិនអាចទទួលយកបានឡើយព្រោះតំបន់នោះជារបស់កម្ពុជា។
ខណៈពេលដែលកម្ពុជាកំពុងស្វះស្វែងរកការបកស្រាយពីតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ចំពោះការសម្រេចរបស់ខ្លួននៅឆ្នាំ១៩៦២ ស្តីអំពីបញ្ហាប្រាសាទព្រះវិហារនោះលោកអាប់ភីស៊ីត ថ្លែងថា ថៃនឹងផ្តល់ការពិតដល់ពិភពលោកទាក់ទិននឹងការប៉ះទង្គិចគ្នាដោយអាវុធជាបន្តបន្ទាប់រវាងកងទ័ពប្រទេសទាំងពីរនៅតំបន់ព្រំដែន។
គេមិនដឹងថា ថៃនឹងផ្តល់ការពិតដល់ពិភពលោកអំពីអ្វីនោះទេ ព្រោះពេលមានការប៉ះទង្គិចគ្នាម្តងៗ ទាហានរបស់ខ្លួនជាអ្នកបង្កមុន។
ជាមួយគ្នានេះ ទាក់ទិនទៅនឹងកិច្ចប្រជុំកំពូលអាស៊ានលើកទី១៨ ដែលគ្រោងរៀបចំឡើងនៅក្នុងទីក្រុងហ្សាការតា រដ្ឋធានីសាធារណរដ្ឋឥណ្ឌូណេស៊ីចាប់ពីថ្ងៃទី៧ និងទី៨ ឧសភា ខាងមុខនេះ លោកអាប់ភីស៊ីត ថ្លែងអះអាងបញ្ជាក់សាជាថ្មីទៀតថា រូបលោកពុំមានផែនការជួបពិភាក្សាទល់មុខគ្នាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោហ៊ុន សែន ទេ ។ លោកអាប់ភីស៊ីត ថ្លែងថា «ខ្ញុំបានជួបពិភាក្សាជាមួយសម្តេចហ៊ុន សែន ៣-៤លើករួចមកហើយ ប៉ុន្តែនៅតែមានការប៉ះទង្គិចគ្នាដដែល» ។
ដោយឡែកគេហទំព័រ MCOT កាលពីថ្ងៃទី៤ ឧសភា កន្លងមក បានដកស្រង់សម្តីលោកអាប់ភីស៊ីត ដែលថ្លែងថា រដ្ឋាភិបាលរបស់លោកមានការជឿជាក់ថា ថៃនឹងការពារប្រកបដោយជោគជ័យនូវផលប្រយោជន៍ជាតិរបស់ខ្លួននៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ (ICJ) ក្នុងប្រទេសហូឡង់ នៅពេលតុលាការពិភពលោកមួយនេះបើកសវនាការស្តីអំពីបញ្ហាព្រះវិហារ។
លោកអាប់ភីស៊ីត ថ្លែងថា រដ្ឋាភិបាលរបស់លោកបានត្រៀមរួចជាស្រេចនូវទឡ្ហីករណ៍ ហើយក្រសួងការបរទេសកំពុងចងក្រងឯកសារនិងប្រមូលព័ត៌មាន និងកំពុងសិក្សាពីញត្តិដែលកម្ពុជាដាក់ជូនទៅតុលាការក្រុងឡាអេ ។
តាមសេចក្តីរាយការណ៍ថា តុលាការក្រុងឡាអេនឹងបើកសវនាការស្តីអំពីបញ្ហាប្រាសាទព្រះវិហារ នៅថ្ងៃទី៣០ និង៣១ ឧសភា ខាងមុខនេះ៕
No comments:
Post a Comment