Tuesday, May 3, 2011

ទីប្រឹក្សា​លោក អូបាម៉ា ខ្វែង​គំនិត​គ្នា​​លើ​ប្រតិបត្តិការ​វាយ​ឆ្មក់​សម្លាប់ ប៊ីនឡាដិន

វ៉ាស៊ីនតោន៖ ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​រៀប​ចំ​នូវ​កិច្ច​ប្រជុំ​ដ៏​សំខាន់​មួយ​កាល​ពី​សប្តាហ៍​មុន ដែល​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ ទីប្រឹក្សា​របស់​លោក​បាន​​ពិភាក្សា​គ្នា​អំពី​ជម្រើស​ ៣ សម្រាប់​​ដោះ​ស្រាយ​ព័ត៌មាន​សម្ងាត់​បំផុត​ ស្តី​ពី​​គេហដ្ឋាន​​ដ៏​ទំនើប​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន ជា​ទី​ដែល​​ពួកគេ​គិត​ថា អូសាម៉ា ប៊ីនឡាដិន អាច​កំពុង​លាក់​ខ្លួន​នៅ​ទីនោះ។

យោង​តាម​មន្ត្រី​រដ្ឋបាល​ជាន់​ខ្ពស់​ម្នាក់ ដែល​ថ្លែង​ក្នុង​លក្ខ​ខណ្ឌ​អានាមិក បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​ ២​ម៉ោង​នោះ​នៅ​ឯ​បន្ទប់​​ពិសេស​មួយ​ក្នុង​សេតវិមាន ហៅ​ថា បន្ទប់​តាម​ដាន​ស្ថានការណ៍​ ក្រុម​​អ្នក​ចូល​រួម​ប្រជុំ​បាន​ពិភាក្សា​គ្នា​អំពី​គុណ​សម្បត្តិ និង​គុណវិបត្តិ នៃ​ការ​វាយ​ឆ្មក់​លើ​បរិវេណ​គេហដ្ឋាន​នោះ ពី​សំណាក់​ក្រុម​​ទាហាន​ឆ្នើម​អាមេរិក​មួយ​ក្រុម​តូច។
មន្ត្រី​ដដែល​នេះ បាន​និយាយ​ថា ជម្រើស​ ២​ទៀត គឺ​ត្រូវ​ធ្វើ​ការ​វាយ​ប្រហារ​ ឬ​ក៏​ត្រូវ​រង់​ចាំ​ព័ត៌មាន​ ដែល​អាច​​ផ្តល់​នូវ​​ភាព​ជាក់​លាក់​កាន់​តែ​ច្បាស់​ថា តើ​មេដឹកនាំ​ក្រុម​អាល់កៃដា​រូប​នេះ ពិត​ជា​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​គេហដ្ឋាន​ដូច​បន្ទាយ​ទាហាន​ នៅ​ខាង​ក្រៅ​ក្រុង​អ៊ីស្លាម៉ាបាដ​មែន​ ឬ​យ៉ាង​ណា។
មន្ត្រី​នេះ​និយាយ​បន្ថែម​ថា ក្រុម​ទីប្រឹក្សា​របស់​លោក អូបាម៉ា បាន​​បំបែក​​គ្នា​នៅ​កិច្ច​ប្រជុំ​នា​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ហើយ​លោក​ប្រធានាធិបតី បាន​ចំណាយ​ពេល​មួយ​យប់​​ដើម្បី​គិត​ពិចារណា​លើ​ការ​សម្រេច​ចិត្ត​នេះ។
នៅ​ព្រឹក​ថ្ងៃ​សុក្រ មុន​នឹង​ចាក​ចេញ​ទៅ​ទស្សនា​រដ្ឋ​អាឡាបាម៉ា ដែល​រង​គ្រោះ​ដោយ​ខ្យល់​ព្យុះ លោក អូបាម៉ា បាន​លាត​ត្រដាង​បាន​ក្រុម​ជំនួយ​ការ​របស់​គាត់​តូច​មួយ​ថា គាត់​បាន​សម្រេច​ចិត្ត​គាំ​ទ្រ​ការ​វាយ​ឆ្មក់​ភ្លាមៗ​មួយ។
ខណៈ​ពេល​គាត់​ចេញ​បញ្ជា​ឲ្យ​ធ្វើ​ប្រតិបត្តិការ ដែល​នាំ​ទៅ​ដល់​ការ​សម្លាប់​មេ​ខ្លោង​​នៃ​ការ​វាយ​ប្រហារ​ថ្ងៃ​ទី​១១ កញ្ញា ឆ្នាំ​២០០១ លើ​សហរដ្ឋ​អាមេរិក​នោះ លោក អូបាម៉ា បាន​និយាយ​ប្រាប់​ទីប្រឹក្សា​របស់​គាត់​ថា​៖ «វា​ជា​ការ​ចេញ​ដំណើរ​មួយ»។
ព័ត៌មាន​ស្តី​ពី​គេហដ្ឋាន​នៅ​សង្កាត់​អាប់បូតតាបាដ បាន​លេច​ចេញ​ឡើង​កាល​ពី​ខែ​សីហារ​ឆ្នាំ​មុន ប៉ុន្តែ វា​បាន​អូស​បន្លាយ​រហូត​ទៅ​ដល់​ខែ​មីនា​ឆ្នាំ​នេះ ដែល​ក្រុម​មន្ត្រី​អាមេរិក​មាន​ជំនឿ​​ថា មាន​ព័ត៌មាន​គ្រប់​គ្រាន់​​អាច​បញ្ចុះ​បញ្ជូល​ឲ្យ​លោក​ប្រធានាធិបតី​ជឿ​ជាក់​បាន ហើយ​ពួកគេ​ចាប់​ផ្តើម​គិត​គូរ​អំពី​ជម្រើស​សម្រាប់​ឆ្លើយ​តប​នឹង​ព័ត៌មាន​នេះ។
ក្រុម​អ្នក​វិភាគ​ព័ត៌មាន​សម្ងាត់​អាមេរិក បាន​តាម​ដាន​លើ​រឿង​សាំ​ញ៉ាំ​នេះ​រហូត​មក ដោយ​សង្កេត​ឃើញ​ថា មាន​គេហដ្ឋាន​តម្លៃ​ ១​លាន​ដុល្លារ​មួយ​នៅ​ទីនោះ កាន់​កាប់​ដោយ​មនុស្ស​ម្នាក់​ដែល​មិន​មាន​ប្រភព​ចំណូល​ច្បាស់​លាស់។ តាម​មន្ត្រី​ដដែល​នេះ បាន​ឲ្យ​ដឹង​ថា គ្រួសារ​មួយ​ក៏​ហាក់​រស់​នៅ​ទី​នោះ​ដែរ ក្នុង​នោះ​មាន​ទាំង​បុរស​ម្នាក់ ដែល​មិន​ដែល​ចាក​ចេញ​ពី​​ដី​ឡូតិ៍​នោះ។
គ្មាន​នរណា​ដឹង​ប្រាកដ
គ្រួសារ​នោះ​ហាក់​សាក​សម​នឹង​​គ្រួសារ​​របស់ ប៊ីនឡាដិន។ នៅ​តែ​រហូត​ដល់​ចុង​បញ្ចប់ គ្មាន​នរណា​ម្នាក់​នៅ​ក្នុង​រដ្ឋបាល​លោក អូបាម៉ា ក្នុង​នោះ​មាន​ទាំង​លោក​ប្រធានាធិបតី​អាមេរិក ដឹង​ច្បាស់​នោះ​ឡើយ។
ការ​ពិភាក្សា​ជុំ​វិញ​អ្វី​ដែល​ពិត​ជា​បាន​កើត​ឡើង​នៅ​អំឡុង​ពេល​ប៉ុន្មាន​សប្តាហ៍​ក្នុង​កិច្ច​ប្រជុំ​នានា ដែល​​ត្រូវ​បាន​គេ​រៀប​ចំ​ឡើង​យ៉ាង​​សម្ងាត់​បំផុត​នោះ គ្មាន​អ្នក​ថត​រូប​ណា​ម្នាក់ មាន​វត្តមាន​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ឡើយ ហើយ​កិច្ច​ប្រជុំ​​ត្រូវ​បាន​គេ​ផ្តល់​តែ​ប្រធាន​បទ​តែ​ប៉ុណ្ណោះ។
ដោយ​សារ​តែ​បាន​ដឹង​ថា​ មនុស្ស​ម្នាក់​ដែល​នៅ​តែ​ក្នុង​ផ្ទះ​មិន​ចេញ​ទៅ​ណា​នោះ​ ជា​ ប៊ីនឡាដិន សម្ពាធ​ឲ្យ​ចាត់​ការ​ជា​បន្ទាន់​លើ​ជន​សង្ស័យ​នោះ បាន​រសាយ​ខ្លះ។
មន្ត្រី​នោះ​និយាយ​ទៀត​ថា លោក អូបាម៉ា និង​ជំនួយ​ការ​របស់​គាត់ ព្រួយ​បារម្ភ​ថា ការ​ពន្យា​ពេល​ធ្វើ​សកម្មភាព​យូរ​ពេក នឹង​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ខ្ពស់ ដែល​សម្តី​របស់​អ្នក​តាម​ឃ្លាំ​មើល​ដោយ​សម្ងាត់ អាច​នឹង​លេច​ធ្លាយ​ចេញ ហើយ​​គោល​ដៅ​តាម​ប្រមាញ់​របស់​ពួកគេ​នោះ អាច​គេច​ខ្លួន​ចេញ។
ការ​ចេញ​បញ្ជា​របស់​លោក អូបាម៉ា ឲ្យ​មាន​ការ​វាយ​ឆ្មក់​កាល​ពី​ថ្ងៃ​សុក្រ​នេះ ត្រូវ​បាន​ជំរុញ​ដោយ​សារ​មាន​ក្តី​បារម្ភ​មួយ​ផ្នែក។ ម្យ៉ាង​ទៀត តួនាទី​មួយ​ក្នុង​ការ​កំណត់​ពេល​វេលា​នេះ គឺ​ជា​ការ​ពិត​បញ្ជាក់​ថា ក្រុម​ទាហាន​ជើង​ទឹក​អាមេរិក បាន​អនុវត្ត​នូវ​​សមយុទ្ធ​​សម្រាប់​ធ្វើ​ប្រតិបត្តិការ​ជា​ច្រើន​លើក ហើយ​​បាន​រក្សា​ការ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​​រង់​ចាំ​តែ​បញ្ជា​របស់​មេ​បញ្ជាការ។
នៅ​រសៀល​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍ លោក អូបាម៉ា បាន​កោះ​ប្រជុំ​មួយ​នៅ​សេតវិមាន ជា​ទី​ដែល​​បរិយាកាស​ឡើង​តឹង​តែង​មែន​ទែន ហើយ​ពោរ​ពេញ​ទៅ​ដោយ​ក្តី​កង្វល់ ខណៈ​ក្រុម​អ្នក​ចូល​រួម​ប្រជុំ​ទាំង​នោះ​បាន​តាម​ដាន​ប្រតិបត្តិការ​ផ្ការីក​នេះ​នៅ​តាម​កញ្ចក់​ទូរទស្សន៍។
អ្នក​ដែល​មាន​វត្តមាន​នៅ​ពេល​នោះ មាន​ទាំង​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក ហ៊ីឡារី គ្លីនតុន រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ រ៉ូបឺត ហ្គេតស៍ ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេតវិមាន ថូម ដូនីឡុន និង​ទីប្រឹក្សា​ប្រឆាំង​អំពើ​ភេរវកម្ម​ ចន ប្រេនណាន់។
លោក អូបាម៉ា និយាយ​​​នៅ​ក្នុង​សម្តី​ប្រតិកម្ម​ទៅ​នឹង​ដំណឹង​ស្តី​ពី​ការ​ស្លាប់​របស់ ប៊ីនឡាដិន ថា​៖ «យើង​ចាប់​វា​បាន​ហើយ»៕

No comments:

Post a Comment