ភ្លើងកំពុងឆាបឆេះ |
រាជធានីភ្នំពេញ ៖ ឃ្លាំងលក់គ្រឿងបន្លាស់រថយន្ត និងទិញ-លក់រថយន្តកាប់សាច់៣ឃ្លាំងជាប់ៗគ្នាត្រូវអគ្គីភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយញ៉ាំងឱ្យលឺសំឡេងរញៀវខ្ញៀវខ្ញារប្រកូកប្រកាសនូវពាក្យជួយ ផងៗ! ឡូកឡំជាមួយនឹងសំឡេងរថយន្តពន្លត់អគ្គីភ័យរបស់សមត្ថកិច្ច ស៊ីរ៉ែនលាន់រន្ថើនគួរឱ្យតក់ស្លុតកាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី២៧ មេសា ២០១១ លើអគារឃ្លាំងដែលមានយីហោលេខ៩៩ ស្ថិតក្នុងដីឡូលេខ១៧ ABC ផ្លូវលេខ២២៣ កែងផ្លូវលេខ១៦២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។
អគ្គីភ័យនេះបានប្រើអំណាចពេញទំហឹងតែម្តង គឺទំពាលេបឃ្លាំងលក់គ្រឿងកាប់សាច់រថយន្តចំនួន៣ឃ្លាំងជាប់ៗគ្នានេះ អស់រយៈពេលជាងកន្លះម៉ោង ទើបរថយន្តពន្លត់អគ្គីភ័យរបស់សមត្ថកិច្ចមកដល់ ហើយចាត់ចែងបាញ់ទឹកពន្លត់...ចំណែកមន្រ្តីអាជ្ញាធរមានប៉ូលិស-ប៉េអឹម បានផ្លុំកញ្ចែឆ្វេចឆ្វាចរៀបចំសណ្តាប់ធ្នាប់ដើម្បីបើកផ្លូវដល់ ឡានទឹកចូលបាញ់ទឹកបង្រ្កាបអណ្តាតភ្លើងដែលកំពុងប្រើអំណាចឃោរឃៅ លេបត្របាក់ឃ្លាំងលក់គ្រឿងរថយន្តកាប់សាច់ខាងលើ ។ ម្ចាស់ឃ្លាំងមិនអាចជញ្ជូនអីវ៉ាន់បានច្រើនឡើយ គឺរវល់តែភ័យរន្ធត់នឹងអណ្តាតភ្លើង ហើយបណ្តោយឱ្យអណ្តាតភ្លើងលេបត្របាក់ទ្រព្យសម្បត្តិ-សម្ភារស្ទើរអស់ ទាំងស្រុង...មកដល់ម៉ោង៨និង១៥នាទីយប់ថ្ងៃដដែល អណ្តាតភ្លើងត្រូវបានសមត្ថកិច្ចបាញ់ទឹកបង្រ្កាបឱ្យរលត់វិញហើយ ប៉ុន្តែវានៅតែហុយផ្សែងទ្រលោមហាក់គំរាមគេឯងដដែល ដូច្នេះសមត្ថកិច្ចនៅតែបាញ់ទឹកពន្លត់រហូតដល់ម៉ោង១០យប់ថ្ងៃដដែល ទើបរលត់ជាស្ថាពរ ។
ការឆេះឃ្លាំងលក់គ្រឿងបន្លាស់រថយន្តកាប់ សាច់នេះបង្កឱ្យខូចខាតធ្ងន់ធ្ងរណាស់...បុរសម្ចាស់ឃ្លាំងឈ្មោះងួន សុផល អាយុជាង៦០ឆ្នាំ មិនទាន់អាចប៉ាន់ប្រមាណពីតម្លៃបានទេ។ សូមបញ្ជាក់ថា ទាំង៣ឃ្លាំងនេះគឺសុទ្ធតែជាបងប្អូននឹងគ្នា ។ ប៉ូលិសបានសន្និដ្ឋានជំហានដំបូងថា អគ្គីភ័យនេះបណ្តាលមកពីទុស្សេខ្សែភ្លើង...ប៉ុន្តែតាមសាក្សីផ្សេង ទៀតនិយាយថា បណ្តាលមកពីកម្មករផ្សារដែរ ហើយបែកផ្កាភ្លើងទៅរកខ្សែភ្លើងបណ្តាលឱ្យឆាបឆេះ។ ចំណែកការប្រើរថយន្តទឹកអស់ប៉ុន្មាននោះគឺភ្លាមៗគេមិនទាន់អាចដឹង នៅឡើយទេ...ឥឡូវប៉ូលិសកំពុងតែស្រង់ទិន្នន័យផ្សេងៗពាក់ព័ន្ធនឹង ឆេះនេះ ៕
No comments:
Post a Comment