រថពាសដែកសៀមបញ្ចូនទៅកាន់ព្រំដែន |
ព្រះវិហារ៖ មន្ត្រីយោធាកម្ពុជាប្រចាំនៅព្រំដែនជួរមុខក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា មីនមួយគ្រាប់បានផ្ទុះនៅវេលាម៉ោង ៥:១០នាទីល្ងាចនេះ នៅចំណុចវាលឥន្ទ្រីយ៍ ជិតប្រាសាទព្រះវិហារចំណាស់ ៩០០ឆ្នាំរបស់កម្ពុជា ខណៈស្នូរកាំភ្លើងគ្រប់ធុននៅតំបន់ប្រាសាទតាមាន់ និងតាក្របី បានស្ងប់ស្ងាត់ហើយមកដល់ល្ងាចនេះ។
ប៉ុន្តែ មិនមានព័ត៌មានលម្អិតត្រូវបានគេដឹងឡើយ ទាក់ទងនឹងការផ្ទុះមីននេះ។ ទោះជាយ៉ាងណា ទាហានកម្ពុជានៅតែបន្តប្រុងប្រយ័ត្ន និងត្រៀមប្រយុទ្ធគ្រប់ពេល។
សេចក្តីប្រកាសព័ត៌មានក្រសួងការពារជាតិកម្ពុជា បាននិយាយថា ស្ថានការណ៍យោធានៅតំបន់ព្រំដែនជួរមុខ មានសភាពស្ងប់ស្ងាត់ មិនមានអ្វីគួរឲ្យកត់សម្គាល់ឡើយរហូតមកដល់ល្ងាចថ្ងៃពុធនេះ។
ប្រទេសកម្ពុជា និងថៃ បានឈានទៅដល់មានជម្លោះនឹងគ្នា បន្ទាប់ពីប្រទេសថៃបញ្ជូនទ័ពចូលមកឈ្លានពានទឹកដីកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០០៨ តែប៉ុន្មានថ្ងៃក្រោយពីប្រាសាទព្រះវិហារចំណាស់ ៩០០ឆ្នាំរបស់កម្ពុជា ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក។
យ៉ាងហោចណាស់មនុស្ស ១៣នាក់ នៃភាគីទាំងសងខាង ត្រូវបានសម្លាប់ រាប់សិបនាក់រងរបួស និងបង្ខំឲ្យពលរដ្ឋសិបពាន់នាក់នៃប្រទេសទាំងពីរ ភៀសខ្លួនចេញពីលំនៅដ្ឋាន នៅក្នុងការវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមបំផុតក្នុងរយៈពេលជិត ១សប្តាហ៍នេះ៕
No comments:
Post a Comment