ភ្នំពេញ៖ សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា ប្រទេសថៃបានបង្កើនការបញ្ជូនទ័ពបន្ថែមទៀតចូលមកកាន់តំបន់ព្រំ ដែនមានជម្លោះជាមួយកម្ពុជា បន្ទាប់ពីទាហានកម្ពុជា និងថៃ បានវាយប្រយុទ្ធគ្នាក្នុងទ្រង់ទ្រាយធំអស់រយៈពេល ១សប្តាហ៍ ដោយមានការផ្លោងកាំភ្លើងធំដាក់គ្នាទៅវិញទៅមក។
អ្នកនាំពាក្យយោធាថៃ ដែលត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ បាននិយាយថា ការបង្កើនទ័ពនេះកើតឡើងក្រោយពីមានការបាញ់ផ្លោងអស់រយៈពេលពេញមួយយប់មិញនៅជិតប្រាសាទបុរាណទាំងពីររបស់កម្ពូជា ដែលបានសម្លាប់ទាហានថៃម្នាក់ ហើយ ៧នាក់ទៀតរងរបួស។
វរសេនីយ៍ ប្រាវីត ហួកែវ អ្នកនាំពាក្យយោធាប្រចាំតំបន់ បាននិយាយថា៖ «យើងកំពុងតែដាក់ទ័ពបន្ថែមទៀតនៅក្នុងតំបន់ជម្លោះ ដោយសារទីនោះមានភាពតានតឹងអស់រយៈពេល ៧ថ្ងៃមកហើយ»។
យ៉ាងហោចណាស់មនុស្ស ១៥នាក់ នៃភាគីទាំងសងខាង ត្រូវបានសម្លាប់នៅក្នុងការវាយប្រយុទ្ធគ្នាដ៏បង្ហូរឈាមនេះ ខណៈរាប់សិបនាក់ទៀតរងរបួស និងបង្ខំឲ្យពលរដ្ឋរាប់ពាន់គ្រួសារនៃប្រទេសទាំងពីរ បានជម្លៀសចេញពីបរិវេណមានការប្រយុទ្ធគ្នា ទៅកាន់ជំរំសុវត្ថិភាព៕
No comments:
Post a Comment