ឧត្តរមានជ័យ៖ ប្រភពពីមន្ត្រីយោធាកម្ពុជា បានឲ្យដឹងថា មេទ័ពកម្ពុជា និងថៃ នៅសមរភូមិទិសខេត្តឧត្តរមានជ័យ កំពុងជួបចរចាគ្នា ដើម្បីស្តារឡើងវិញនូវសន្តិភាពនៅក្នុងតំបន់ព្រំដែន បន្ទាប់ពីភាគីទាំងពីរបានវាយប្រយុទ្ធគ្នាយ៉ាងក្រពុលមុខឈានដល់ថ្ងៃទី៧នេះ។
មន្ត្រីយោធាកម្ពុជា បានឲ្យដឹងទៀតថា លោកឧត្តមសេនីយ៍ ជា ម៉ន មេទ័ពភូមិភាគ៤របស់កម្ពុជា និងលោកឧត្តមសេនីយ៍ ថាវ៉ាត់ ឆៃ មេទ័ពភូមិភាគ២របស់ថៃ កំពុងតែជួបចរចាគ្នានៅតំបន់អូស្មាច់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែ ពុំមានលទ្ធផលបែបណាត្រូវបានគេរាយការណ៍នៅឡើយទេរហូតមកដល់ពេលនេះ ខណៈស្នូរកាំភ្លើងធំ ដែលបានឡើងលាន់កក្រើកពេញទូទាំងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យទាំងព្រឹកព្រលឹមអុរនោះ ហាក់បានថមថយមកវិញខ្លះ ប៉ុន្តែ ប្រទេសថៃកំពុងតែបង្កើនកម្លាំងបន្ថែមទៀតមកកាន់ព្រំដែនជួរមុខ។
ព័ត៌មានបឋម បានឲ្យដឹងថា ថៃបានស្នើសុំចូលមកយកសាកសពទាហានរបស់ពួកគេ ដែលបានស្លាប់នៅអំឡុងពេលវាយប្រយុទ្ធគ្នាជាមួយទាហានកម្ពុជា។
យ៉ាងហោចណាស់មនុស្ស ១៥នាក់ នៃភាគីទាំងសងខាង ត្រូវបានសម្លាប់នៅក្នុងការវាយប្រយុទ្ធគ្នាដ៏បង្ហូរឈាមនេះ ខណៈរាប់សិបនាក់ទៀតរងរបួស និងបង្ខំឲ្យពលរដ្ឋរាប់សិបពាន់នាក់នៃប្រទេសទាំងពីរ បានជម្លៀសចេញពីបរិវេណមានការប្រយុទ្ធគ្នា ទៅកាន់ជំរំសុវត្ថិភាព៕
No comments:
Post a Comment